Yearendyearend1140x150

ធនាគារARDB ថ្វាយព្រះពរព្រះមហាក្សត្រ ខួបទី១៧ នៃការគ្រងរាជ្យ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/


ភ្នំពេញ៖ ធនាគារ ARDB បានថ្វាយព្រះរាជសព្ទសាធុការពរ ចំពោះខួបលើកទី១៧ នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម រួមទាំងបុគ្គលិកទាំងមូល បានអបអរសាទរ ព្រះរាជពិធីបុណ្យខួបលើកទី១៧ នៃការយាងគ្រងព្រះបរមសិរី-រាជសម្បត្តិរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។

ក្នុងឱកាសនេះឯកឧត្តមបណ្ឌិត កៅ ថាច និងក្រុមការងារ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្តីអំណរសាទរដោយស្មោះអស់ពីដួងចិត្តថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរមហាប្រសើរគ្រប់ប្រការប្រកបដោយកតញ្ញូតាធម៌ និងកតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះរាជបញ្ញាញាណ និងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ប្រកបដោយទសពិធរាជធម៌ ក្នុងការបំពេញព្រះរាជកិច្ចដឹកនាំព្រះរាជាណាចក្រកម្ពុជាឱ្យមាន សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជឿនលឿនគ្រប់វិស័យ ដែលបានលើកកម្ពស់កិត្យានុភាពជាតិទាំងក្នុងតំបន់និងឆាកអន្តរជាតិ។

ជាមួយគ្នានោះឯកឧត្តមបណ្ឌិត កៅ ថាច និងក្រុមការងារ សូមព្រះបរមរាជានុញ្ញាតជាថ្មីម្តងទៀត លើកហត្ថប្រណមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបុណ្យបារមីព្រះនៃដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមជួយថែរក្សាអភិបាលប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ និងសូមព្រះអង្គទ្រង់សមប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពលរឹងមាំ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់នៅក្នុង ព្រះបរមសិរីរាជសម្បត្តិ បំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ជានិមិត្តរូបនៃឯកភាពជាតិ និរន្តរភាពជាតិ ព្រមទាំងជាម្លប់ដ៏ត្រជាក់ត្រជុំ និងសេចក្តីសុខក្សេមក្សន្តចម្រើនរុងរឿងដល់ប្រជានុរាស្រ្តរបស់ព្រះអង្គ និង សូមព្រះករុណាជាអម្ចាស់ ព្រះអង្គទ្រង់សមប្រកបដោយព្រះពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ៕




ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង