
កាប៊ុល៖ ឧទ្យានមួយក្នុងទីក្រុងកាប៊ុល រដ្ឋធានីនៃប្រទេសអាហ្វហ្គានីស្ថាន បានក្លាយជាជំរុំសម្រាប់ជនភៀសខ្លួនសង្រ្គាមពី ៣,០០០ ទៅ ៤,០០០ នាក់ដែលកំពុងរស់នៅក្នុងភាពវេទនា។
ជនភៀសខ្លួនជាច្រើន ជាអ្នកមានគ្រួសារដែលមានជីវភាពធូរធារ ប៉ុន្តែឥឡូវនេះពួកគេកំពុងតស៊ូដើម្បីរស់រានមានជីវិត ខណៈអ្នកខ្លះទៀតកំពុងធ្លាក់ខ្លួនឈឺ។
ពួកគេកំពុងរស់នៅក្នុងតង់ប្រហែល ១,៥០០ ដែលត្រូវបានសាងសង់ដោយកម្រាលពូក និងវាំងនន ដែលវាមិនគ្រប់គ្រាន់ដើម្បីរក្សាភាពកក់ក្តៅនៅពេលយប់នោះទេ។ នេះបើតាមការឆ្លើយតបរបស់ពួកគេ ប្រាប់មកអ្នកសារព័ត៌មាន ។
យោងតាមស្ថិតិប្រជាជនអាហ្វហ្គានីស្ថានជាង ២៤០,០០០ នាក់ត្រូវបានសម្លាប់ក្នុងអំឡុងសង្គ្រាម ដែលបានចាប់ផ្តើមកាលពី ២០ ឆ្នាំមុន។ ឈុតឆាកក្នុងឧទ្យាន ជាស្លាកស្នាមដែលនៅសេសសល់នៃសង្គ្រាមនេះ។
អាហារ និងទឹកគឺជាបញ្ហាចម្បងសម្រាប់ពួកគេ ដោយសារពួកគេមិនមានលុយទិញអ្វីទាំងអស់។ ស្ត្រីម្នាក់បានប្រាប់អ្នកឆ្លើយឆ្លងព័ត៌មានថា នាងមិនបានជួបក្រុមគ្រួសារអស់រយៈពេល៤ខែមកហើយ ហើយមិនបានទទួលទានអាហារត្រឹមត្រូវ ឬគេងលក់ស្រួលតាំងពីពេលនោះមក ។
ជំរុំនេះគ្របដណ្តប់ដោយសំរាម ស្ថានភាពសុខភាព និងអនាម័យមិនល្អ ខណៈកុមារកើតជំងឺគ្រុនផ្តាសាយ និងជំងឺគ្រប់ប្រភេទ ដោយសារតែការបន្ទោរបង់ពាសវាលពាសកាល ប៉ុន្តែគ្មានអ្នកជំងឺក្នុងជំរុំណាអាចទទួលបានការព្យាបាលនោះទេ៕