
ភ្នំពេញ៖ រដ្ឋសភាកម្ពុជា នៅថ្ងៃទី២៥ ខែតុលានេះ បានអនុម័តជាផ្លូវការ«ច្បាប់កែរដ្ឋធម្មនុញ្ញ»កំណត់ថ្នាក់ដឹកនាំកំពូលជាតិមានសញ្ជាតិតែមួយ។ ច្បាប់នេះត្រូវបានសមាជិកសភាទាំងអស់បោះឆ្នោតគាំទ្រក្រោមសំឡេង១១១លើ១១១សំឡេង។
កិច្ចប្រជុំនៅថ្ងៃនេះ ដឹកនាំដោយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងមានការចូលរួមពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួមទាំងសមាជិកសភាសរុបចំនួន១១១នាក់ និងតំណាងរាជរដ្ឋាភិបាលផងដែរ។ ជាលទ្ធផល នៅក្នុងកិច្ចប្រជុំនេះ គឺអង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ។
គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា តាមរយៈកិច្ចប្រជុំគណៈរដ្ឋមន្រ្តី បានសម្រេចអនុម័តលើសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបន្ថែមកំណត់ឱ្យថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិមានសញ្ជាតិខ្មែរតែមួយគត់។ ការកំណត់ឱ្យថ្នាក់ដឹកនាំកំពូលទាំង៤រូបនេះត្រូវមានសញ្ជាតិខ្មែរតែមួយ គឺដើម្បីធានាបានឱឡារិកភាពទាំងខាងផ្លូវច្បាប់ ទាំងខាងនយោបាយ ចំពោះគោលជំហរ និងការប្តេជ្ញាចិត្តស្មោះត្រង់ឥតងាករេចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈទាំងអស់៕