
មូស្គូ៖ មន្ត្រីសង្គ្រោះបន្ទាន់បាននិយាយថា ការផ្ទុះមួយ បានធ្វើឲ្យឆាបឆេះនៅរោងចក្រផលិតរំសេវកាំភ្លើងមួយកន្លែងក្នុងប្រទេសរុស្ស៊ីនៅថ្ងៃសុក្រ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧នាក់ និងមនុស្ស ៩នាក់ទៀតកំពុងបាត់ខ្លួន។
ក្រសួងស្ថានការណ៍គ្រាអាសន្នបាននិយាយថា ការផ្ទុះបានវាយប្រហាររោងចក្រ Elastik ក្នុងតំបន់ Ryazan ចម្ងាយប្រហែល ២៧០ គីឡូម៉ែត្រ ពីភាគអាគ្នេយ៍នៃទីក្រុងម៉ូស្គូ។
របាយការណ៍របស់សារព័ត៌មានរុស្ស៊ី បាននិយាយថា អ្នកបាត់ខ្លួនទាំងអស់ត្រូវបានគេជឿថា បានស្លាប់ ។យោងតាមមន្ត្រីមូលដ្ឋានបានឲ្យដឹងថា មនុស្សម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសាររងរបួសធ្ងន់ ។
ក្រសួងបាននិយាយថា បុគ្គលិកសង្គ្រោះបន្ទាន់ចំនួន ១៧០ នាក់ និងរថយន្ត ៥០ គ្រឿងបានចូលរួមក្នុងការជួយសង្រ្គោះនេះ។
មន្ត្រីកំពុងពិនិត្យមើលការរំលោភលើនីតិវិធីសុវត្ថិភាព ឬសៀគ្វី ក្នុងចំណោមមូលហេតុដែលអាចកើតមាន ៕