
ភ្នំពេញ៖ បើមិនមានការប្រែប្រួលទេ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (CKFTA) រវាង កម្ពុជា និងសាធារណរដ្ឋកូរ៉េខាងត្បូងនឹងចុះហត្ថលេខាផ្លូវការ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូអនឡាញ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
ឯកឧត្តម ប៉ែន សុវិជាតិ បានថ្លែងឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង នឹងត្រៀមរៀបចំចុះហត្ថលេខានៅថ្ងៃទី២៦តុលាខាងមុននេះ តាមប្រព័ន្ធវីដេអូអនឡាញ។ ការចុះហត្ថលេខានឹងធ្វើឡើងដោយភាគីទាំងពីរមាន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ ការចុះហត្ថលេខារបស់ភាគីកម្ពុជាធ្វើនៅភ្នំពេញ និងភាគីកូរ៉េធ្វើនៅសេអ៊ូល ហើយចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃប្រទេសពីរ។
ឯកឧត្តម ប៉ែន សុវិជាតិ បានបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូងនេះ កម្ពុជានឹងទទួលបានចំណែកទីផ្សារធំ និងបានទទួលបានការផ្លាស់ប្តូរមកវិញនូវបច្ចេកវិទ្យា ភាពទុកចិត្តរបស់វិនិយោគិន ក្នុងការបណ្តាក់ទុន និងភាពសម្រួលពាណិជ្ជកម្មផ្សេងៗទាក់ទងនឹងវិធានពាណិជ្ជកម្ម និងការវាយតម្លៃអនុលោមភាព ក៏ដូចជាការផ្លាស់ប្តូរនូវបទពិសោធន៍នានា ទាំងការពន្លឿននិតិវិធីផ្សេងៗទាក់ទងអនាម័យ និងភូតគាមអនាម័យផងដែរ។
ដូច្នេះបន្ទាត់ទំនិញកម្ពុជាមួយចំនួនធំ ដែលមានប្រមាណជាង១ម៉ឺនបន្ទាត់ពន្ធនឹងទទួលបានការរួចពន្ធពីទីផ្សារកូរ៉េ។ ដូច្នេះកម្ពុជារំពឹងទុកថា ទំនិញកសិផល ទំនិញអាហារកែច្នៃ ទំនិញរបស់សិប្បកម្មខ្នាតតូច ទំនិញសម្លៀកបំពាក់ កាបូប ស្បែកជើង គ្រឿងបង្គុំ គ្រឿងបន្លាស់ផ្សេងៗ របស់កម្ពុជា ហើយត្រូវបាននាំចេញជាច្រើនថែមទៀតទៅកាន់ទីផ្សារកូរ៉េបានយ៉ាងរលូន។
ឯកឧត្តម ប៉ែន សុវិជាតិ បានបន្តថា ចំណែកភាគីកូរ៉េក៏នឹងទទួលបានផលចំណេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែរ។ ប៉ុន្តែក្នុងករណីនេះ កូរ៉េបានទទួលនូវបន្ទាត់ពន្ធ ប្រមាណត្រឹម៧-៨ពាន់បន្ទាត់ពន្ធ ពោលគឺតិចជាងភាគីកម្ពុជា។ ដូច្នេះភាគីកូរ៉េមានភាពអនុគ្រោះច្រើនដល់ភាគីកម្ពុជាក្នុងភាពជាដៃគូ។
ឯកឧត្តម ប៉ែន សុវិជាតិ ពន្យល់ថា ការយឺតយ៉ាវក្នុងការចុះហត្ថលេខានេះ ភាគីទាំងពីរត្រូវការពេលវេលាដើម្បីផ្ទៀងផ្ទាត់ដោយយកចិត្តទុកដាក់។ ម្យ៉ាងទៀតភាគីទាំងពីរគ្រោងនឹងធ្វើនៅទីក្រុងសេអ៊ូល ក៏ប៉ុន្តែដោយសារស្ថានភាពកូវីដ ភាគីទាំងសងខាងសម្រេចថាមិនធ្វើដោយរូបវ័នទេ គឺប្តូរមកធ្វើជាអនឡាញវិញ។ ដូច្នេះបន្ទាប់ពីការចុះហត្ថលេខាហើយ នីតិវិធីផ្ទៃក្នុងនឹងត្រូវធ្វើដូចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនដែរ គឺរៀបចំនីតិវិធីទៅរដ្ឋសភា ព្រឹទ្ធសភា និងថ្វាយព្រះមហាក្សត្រឡាយព្រះហស្ថលេខា បន្ទាប់ពីនេះទៅក្រសួងនឹងធ្វើសេចក្តីជូនដំណឹងទៅភាគីកូរ៉េ និងរងចាំភាគីកូរ៉េជូនដំណឹងមកវិញ នោះកិច្ចព្រមព្រៀងនឹងចូលជាធរមាន៕