ភ្នំពេញ៖ សៀវភៅប្រលោមលោកដំបូងដែល មានចំណងជើងថា «ផ្លូវស្នេហ៍មរណៈ» ទើបតែចេញផ្សាយ នៅចុងឆ្នាំ ២០១៩កន្លងទៅ ជាស្នាដៃនិពន្ធផ្ទាល់ដោយយុវតីវ័យក្មេង ឡុង រចនា មានវ័យ ១៤ឆ្នាំ។ យុវតី ឡុង រចនា បានថ្លែងពីដំណើរការនិពន្ធនៃរឿងប្រលោមលោក «ផ្លូវស្នេហ៍មរណៈ» រហូតទទួលបានការគាំទ្រពីសំណាក់មិត្តអ្នកអាន និងការកោតសរសើររនូវទេពកោសល្យរបស់រចនាដែលមានសមត្ថភាពនិពន្ធទាំងនៅវ័យក្មេងបែបនេះ។
ក្នុងពេលជួបសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ យុវតី ឡុង រចនា ប្រាប់ថា មូលហេតុដែលធ្វើឱ្យប្អូនស្រីអាចនិពន្ធរឿងប្រលោមលោកបាន គឺទម្លាប់នៃការអានសៀវភៅច្រើន ហើយឪពុកម្តាយប្អូនស្រីតែងតែនាំឱ្យអានសៀវភៅតាំងពីតូច រហូតមានទម្លាប់អានបានដោយខ្លួនឯង។សន្សំចំណេះដឹងបទពិសោធន៍តាមរយៈការអាន រហូតដល់ថ្នាក់ទី៦-៧ ប្អូនស្រីបានចាប់ផ្ដើមអានរឿងប្រលោមលោកខ្នាតវែង រួចក៏មានចិត្តចង់និពន្ធរឿងបែបប្រលោមលោកក្នុងសៀវភៅដៃរបស់ខ្លួនឯងផ្ទាល់។
ជាការពិត ពេលខ្លះរចនាចង់បង្កើតពិភពលោកមួយដែលអាចគ្រប់គ្រងដោយខ្លួនឯងបាន គឺគ្រប់គ្រងពិភពដែលចង់ឱ្យកើត តាមរយៈការនិពន្ធរឿងនេះឯង។ ក្នុងរឿងប្រលោមលោក អ្នកនិពន្ធតែងតែបង្កប់សាច់រឿងដែលធ្វើយ៉ាងណាឱ្យមិត្តអ្នកអាន អានទៅជក់ចិត្តដិតអារម្មណ៍ជាមួយឈុតឆាកនីមួយៗ ដោយប្រមូលផ្ដុំនឹងបញ្ហានានាដែលភាគច្រើនកើតឡើងជាក់ស្ដែងក្នុងសង្គមយើងផ្ទាល់។ អ្នកនិពន្ធបានរិះរកដំណោះស្រាយណាមួយដែលសមហេតុសមផល និងអាចទទួលយកបាន ហើយបានបង្កើតជាដំណោះស្រាយមួយដ៏អស្ចារ្យសម្រាប់មិត្តអ្នកអានមួយចំនួនជួបប្រទះ ហើយអាចយកបទពិសោធន៍នៅក្នុងប្រលោមលោកដែលមានការអប់រំ បង្កប់ក្នុងសាច់រឿងនោះផងដែរ។
អ្នកនិពន្ធរឿងប្រលោមលោក វ័យ ១៤ឆ្នាំរូបនេះ និយាយថា «រឿង«ផ្លូវស្នេហ៍មរណៈ» នៅក្រោមក្រុមអ្នកនិពន្ធ Love Novels ជាប្រលោមលោកដែលមានគ្រប់រសជាតិ ទាំងកើតទុក្ខ ទាំងកំប្លែង ទាំងផ្សងព្រេង និងទំនាក់ទំនងបែបជម្លោះ ស្នេហានៃមិត្តភាព គ្រួសារ។ មុននឹងបានជាសៀវភៅមានកម្រាស់ ៣៣៥ ទំព័រនេះ គឺត្រូវឆ្លៀតពេលជិត ៦ខែ ពីការសិក្សា ដើម្បីសរសេរសាច់រឿងនេះឡើងបន្តិចមកៗ ហើយខ្ញុំតែងតែអានសៀវភៅប្រលោមលោក និងមើលរឿងនិពន្ធដោយអ្នកនិពន្ធខុសៗគ្នា ដើម្បីចៀសវាងពីការលួចចម្លងស្នាដៃគ្នា។ ខ្ញុំត្រូវធានាថា សាច់រឿងមានលក្ខណៈខុសប្លែកពីស្នាដៃដទៃ ជាមួយភាពច្នៃប្រឌិតថ្មី និងការស្រមើស្រមៃរបស់ខ្លួន»។
អ្វីដែលរចនាបានជួបប្រទះ គឺមានភាពលំបាកក្នុងការបែងចែកពេលវេលានិពន្ធ និងពេលវេលាសិក្សារបស់ខ្លួន។ មួយវិញទៀត រចនាមានភាពលំបាកជាដំណាក់ដំបូងនៃការនិពន្ធគឺការដាក់ពាក្យពេចន៍ធ្វើយ៉ាងណា ដើម្បីឱ្យទាក់ទាញដល់អ្នកអាន និងចំណុចដាក់អារម្មណ៍ឱ្យស្រុងចូលក្នុងសាច់រឿង។ យ៉ាងណាក្ដី ដោយមានការគាំទ្រពីប៉ាម៉ាក់ បងប្អូន មិត្តរួមថ្នាក់ និងបងមេក្រុមអ្នកនិពន្ធ Love Novels សមាជិកក្រុមការងារ។ ដោយក្ដីស្រលាញ់ រចនាខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់នេះ ដើម្បីសម្រេចក្ដីប្រាថ្នារបស់ខ្លួនជាអ្នកនិពន្ធដ៏អាជីពម្នាក់នាពេលអនាគត។
បច្ចុប្បន្ន រចនាបាននិពន្ធបានសាច់រឿងចំនួន៣ តែបានបោះពុម្ពចេញផ្សាយគឺរឿងប្រលោមលោក «ផ្លូវស្នេហ៍មរណៈ»។ ហើយពេលនេះរចនាកំពុងនិពន្ធរឿងបែប Fantasy(ស្រមើលស្រម៉ៃ)មួយថ្មី មានចំណងជើងថា«បណ្ដាសាបុប្ផាសួគ៌»។រចនាសង្ឃឹមថា មិត្តអ្នកគាំទ្ររង់ចាំស្នាដៃថ្មីមួយនេះ ចង់ឃើញ អ្នកអានក៏ដូចជាអ្នកគ្រប់គ្នាទទួលស្គាល់ និងផ្តល់តម្លៃឱ្យអាជីពជាអ្នកនិពន្ធឱ្យបានច្រើន។
រចនា ប្រាប់ថា «គោលបំណងរបស់ខ្ញុំធំនោះ គឺចង់ក្លាយជាតារាចម្រៀង តែងទំនុកច្រៀង តារាសម្ដែង ជាមួយនឹងអាជីពជាអ្នកនិពន្ធដូចសព្វថ្ងៃនេះ។ នាពេលអនាគត ហើយបើសិនខ្ញុំបានសម្រេចតាមបំណងដូចអ្វី ដែលបានប៉ងទាំងអស់នោះហើយ មិនដឹងជាសប្បាយចិត្តយ៉ាងណាទេ។ តែខ្ញុំតែងតែប្រាប់ខ្លួនឯងថា តស៊ូ មិនបោះបង់ វានឹងសម្រេចនៅថ្ងៃណាមួយ បើសិនជាយើងតាំងប្រាកដមែន»។
ជាចុងក្រោយ រចនាសូមថ្លែងអរគុណដល់មិត្តអ្នកអានទាំងអស់គ្នា មិនថាសៀវភៅរបស់រចនា ឬសៀវភៅទូទៅក៏ដោយ។ ជួនកាលការអានសៀវភៅរបស់អ្នកគ្រប់គ្នា ពិតជាផ្ដល់អត្ថប្រយោជន៍ខ្លាំងដល់ប្រទេសជាតិ ដែលសៀវភៅគ្រប់ប្រភេទនីមួយៗ សុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួន ដែលអាចផ្ដល់នូវចំណេះដឹង បទពិសោធន៍ ការចេះដោះស្រាយបញ្ហានានាតាមរយៈការអានសៀវភៅនោះ ក្លាយខ្លួនជាផ្នែកមួយក្នុងការអភិវឌ្ឍន៍ប្រទេសជាតិខ្លួនយើង។
សូមបញ្ជាក់ថា ឪពុករបស់រចនា គឺជាអ្នកថតរូបល្បីល្បាញមួយរូបឈ្មោះលោក សុវណ្ណ ភីឡុង និងម្ដាយឈ្មោះ ប៉ែន ស៊ីណែត ជាម្នាក់ហាងសាឡនមួយកន្លែងផងដែរ។ នៅក្នុងគ្រួសារដែលមានបងប្អូនសមាជិក ៤នាក់ យុវតី ឡុង រចនា ជាកូនច្បង ដែលមានស្រុកកំណើតនៅរាជធានីភ្នំពេញ។ សព្វថ្ងៃ រចនា កំពុងសិក្សាថ្នាក់ទី៨ នៅសាលារៀន ប៊ែលធី អន្តរជាតិ៕