
ស៊ីរី៖ បន្ទាប់ពីសម្រាកជិត ៩ ខែ រដ្ឋាភិបាលស៊ីរីនិងតំណាងក្រុមប្រឆាំង គ្រោងនឹងចាប់ផ្តើមកិច្ចចរចាសម្របសម្រួលថ្មីមួយរបស់អង្គការសហប្រជាជាតិ ក្នុងគោលបំណងធ្វើសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីមួយសម្រាប់ប្រទេសស៊ីរី។
ការជួបប្រជុំក្រៅផ្លូវការបានធ្វើឡើងនៅថ្ងៃអាទិត្យជាមួយសមាជិកគណៈកម្មាធិការដែលមានភារកិច្ចរៀបចំសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី។ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសស៊ីរីលោក Geir Pedersen បានបង្ហាញភាពរីករាយបន្ទាប់ពីបានជួបជាមួយរដ្ឋាភិបាលនិងតំណាងគណបក្សប្រឆាំងនៃគណៈកម្មាធិការធម្មនុញ្ញដែលមានសមាជិក ៤៥ នាក់។
លោក Geir Pedersen បាននិយាយថា ប្រធានទាំងពីរឥឡូវនេះ បានយល់ស្របសម្រាប់កំណែទម្រង់រដ្ឋធម្មនុញ្ញ និងចាប់ផ្តើមតាក់តែងកំណែទម្រង់រដ្ឋធម្មនុញ្ញនៅស៊ីរី។
សេចក្តីព្រាងរដ្ឋធម្មនុញ្ញនេះ ត្រូវបានគេមើលឃើញថា ជាធាតុសំខាន់ក្នុងការបញ្ចប់សង្គ្រាមជាងមួយទសវត្ស ដែលត្រូវបានគេប៉ាន់ស្មានថា បានសម្លាប់មនុស្សកន្លះលាននាក់ និងមនុស្សផ្លាស់ទីលំនៅជិត ១៣.៥ លាននាក់ទាំងនៅក្នុងប្រទេសស៊ីរីនិងជាជនភៀសខ្លួននៅក្នុងប្រទេសជិតខាង៕