Cctimesw1140xh150cm copy

លោក ឆន បូរ៉ា ជិះម៉ូតូជុំវិញស្រុកខ្មែរ ដើម្បីបានបទពិសោធពីការរស់នៅរបស់ពលរដ្ឋ

យុវជន
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
លោកបូរ៉ា ថតរូបអនុស្សាវរីយ៍ នៅរង្វង់មូលខេត្តប៉ៃលិន។
រូបភាព៖ ផ្ដល់ដោយលោកបូរ៉ា

ភ្នំពេញ៖ លោក ឆន បូរ៉ា ចូលចិត្តធ្វើដំណើរកម្សាន្តតាមម៉ូតូបែបផ្សងព្រេង ដើម្បីបានស្គាល់ពីទីកន្លែងទេសចរណ៍ថ្មីៗ និងប្លែកៗនៅកម្ពុជា។ កាលពីពេលថ្មីៗនេះ លោកបានធ្វើដំណើរដោយម៉ូតូជិះតាមផ្លូវក្រវាត់ក្រុងជុំវិញប្រទេសកម្ពុជា ដើម្បីស្វែងយល់បន្ថែមពីការរស់នៅរបស់ប្រជាជនក្នុងតំបន់នានា និងទទួលបានបទពិសោធក្នុងជីវិត ពិសេសគឺចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ក្នុងស្រុកតាមរយៈការថតរូប ផលិតវីដេអូ។

តាមរយៈកិច្ចសម្ភាសជាមួយស៊ីស៊ីថាមស៍ លោក ឆន បូរ៉ា បានលើកឡើងថា កត្តាដែលជំរុញឱ្យលោកមានទំនោរទៅលើការដើរកម្សាន្ត ដោយសារតែការដើរកម្សាន្តបែបផ្សងពេ្រងគឺជាចំណងចំណូលចិត្តរបស់លោក ហើយលោកចូលចិត្តការដើរកម្សាន្តបែបផ្សងពេ្រង គឺដើម្បីស្វែងរកបទពិសោធន៍ថ្មីៗ មេរៀនថ្មីៗក្នុងជីវិត ស្គាល់កន្លែងទេសចរណ៍បែបធម្មជាតិថ្មីៗ ស្គាល់មិត្តថ្មីៗ ហើយការដើរកម្សាន្តបែបផ្សងពេ្រង គឺវាបានបង្រៀនលោកច្រើនណាស់ដូចជា បង្កើតទំនុកចិត្តលើកខ្លួនឯង ភាពជាម្ចាស់ការលើកខ្លួនឯង ក្លាហាន ហើយនិងមានឯករាជ្យភាពនៅពេលទៅណាមកណាម្នាក់ឯង ជាពិសេសគឺ មានសាមគ្គីភាពពេលដែលទៅជាមួយក្រុម។

ឆ្លើយតបនឹងសំណួរថា តើកត្តាអ្វីជំរុញឱ្យលោកចំណាយពេលដល់ទៅ៨យប់ ៩ថ្ងៃ ដើម្បីធ្វើដំណើរជុំវិញប្រទេសកម្ពុជា លោកថាដោយសារការជិះម៉ូតូជុំវិញប្រទេស តាមផ្លូវក្រវាត់ព្រំដែន គឺមិនសូវមានអ្នកជិះនៅឡើយទេ ភាគច្រើនមានតែអ្នកជិះជុំវិញប្រទេសឆ្លងកាត់ពីខេត្តមួយទៀតតាមផ្លូវជាតិតែប៉ុនណ្ណោះ។ ដូច្នេះ ហើយទើបយុវជនវ័យ២៧ឆ្នាំរូបនេះ សម្រេចចិត្តជិះម៉ូតូជុំវិញប្រទេស គឺជិះតាមផ្លូវក្រវាត់ព្រំដែន គឺដើម្បីចង់ឃើញផ្លូវតាមក្រវាត់ព្រំដែនប្រទេសកម្ពុជាជាមួយប្រទេសជិតខាងថាតើមានការធ្វើចរាចរណ៍កម្រិតណា ហើយផ្លូវឆ្លងពីខេត្តមួយទៅខេត្តមួយទៀតមានស្ថានភាពផ្លូវបែបណា និងចង់ឃើញការរស់នៅរបស់ប្រជាជនតាមផ្លូវក្រវាត់ព្រំដែនផងដែរ។

សម្រាប់លោកបូរ៉ា បើនិយាយពីឧបសគ្គសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយបែបនេះ គឺពេលជិះលើផ្លូវគ្រោះក្រហមដែលមានក្រឡុកពេលភ្លៀងព្រោះវាងាយរអិល និងផ្លូវដែលឡើងចុះភ្នំជាដើម។ លោកថា ផ្លូវនៅតាមតំបន់នានាភាគច្រើនធ្វើបានស្អាតហើយ មានតែមួយចំនួនតូចប៉ុណ្ណោះដូចជាផ្លូវថ្មដារឆ្ពោះទៅកោះកុងជាដើម។

លោកបូរ៉ា ក៏បានបង្ហាញអារម្មណ៍របស់លោកដែរថា វាជារសជាតិថ្មីមួយសម្រាប់លោកក្នុងរយៈពេល ៨យប់៩ថ្ងៃព្រោះវាជាលើកទីមួយហើយក្នុងជីវិតលោកដែលបានជិះម៉ូតូជុំវិញប្រទេសកម្ពុជាតាមផ្លូវក្រវាត់ព្រំដែនបែបនេះព្រោះវាជាបំណង់មួយក្នុងជីវិតរបស់លោក ដែលប៉ងចង់ជិះជុំវិញប្រទេសតាមផ្លូវក្រវាត់ព្រំដែន។

យុវជនរូបនេះ ក៏បានរៀបរាប់អំពីចំណុចពិសេសក្នុងដំណើរផ្សងព្រេងមួយនេះ គឺប្រទេសកម្ពុជាសំបូរទៅដោយកន្លែងទេសចរណ៍បែបធម្មជាតិ និងរមណីដ្ឋានធម្មជាតិនានាជាច្រើន។ ពិសេសជាងនេះទៅទៀត លោកបូរ៉ា ចាប់អារម្មណ៍ លើផ្លូវក្រវាត់ព្រំដែន ជុំវិញប្រទេសកម្ពុជាគឺសុទ្ធសឹងតែស្អាតទាំងអស់ គ្រាន់តែមួយភាគតូចត្រូវបានខូចខាតដោយទឹកភ្លៀង។

សម្រាប់បូរ៉ា លោកក៏រំពឹងថាយុវជនដទៃទៀត គួរតែបានស្គាល់ពីទីកន្លែងទេសចរណ៍បែបធម្មជាតិនានាក្នុងប្រទេសកម្ពុជា ព្រោះដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុក និងយល់ដឹងពីបញ្ហាអនាម័យបរិស្ថាននៅតាមកន្លែងទេសចរណ៍បែបធម្មជាតិនានាក្នុងប្រទេស និងបន្តការរុករកកន្លែងធម្មជាតិថ្មីៗទៀត ព្រោះលោកជឿថានៅកម្ពុជាគឺ នៅសល់កន្លែងទេសចរណ៍បែបធម្មជាតិច្រើនណាស់ដែលបាននឹងកំពុងលាក់ខ្លួន។

យ៉ាងណាមិញ លោកក៏សំណូមពរពីបញ្ហាជុំវិញការបោះចោលសំរាមនៅតាមរមណីដ្ឋានធម្មជាតិនានា វាពិតជាកាតាព្វកិច្ចដ៏ធំមួយអ្នកទេសចរទាំងអស់ គួរតែមានទំនួលខុសត្រូវ និងចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងផ្សព្វផ្សាយការយល់ដឹងពីការរក្សាអនាម័យបរិស្ថាននៅតាមរមណីដ្ឋាននានាផងដែរ។ 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង