
វៀតណាម៖ យ៉ាងហោចមនុស្សពីរនាក់បានស្លាប់ និងមនុស្សបីនាក់ទៀតបាត់ខ្លួន បន្ទាប់ពីទឹកជំនន់បានជន់លិចនៅ ខេត្តង៉ែអាន (Nghe An) ភាគកណ្តាលប្រទេសវៀតណាម។
គណៈកម្មាធិការជាតិដឹកនាំការបង្ការនិងគ្រប់គ្រងគ្រោះធម្មជាតិ បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា មនុស្សពីរនាក់ដែលជាឪពុកនិងកូនបានលង់ទឹកស្លាប់ បន្ទាប់ពីទឹកជំនន់បានជន់លិចនៅឃុំ ខេមមួនស្រុក កេហ្វុង ខេត្ត ង៉ែអាន។
អ្នកទាំងពីរអាយុ ៥៩ និង ៣៤ កំពុងរើសអុសនៅតាមដងទន្លេក្បែរផ្ទះរបស់ពួកគេ កាលពីថ្ងៃសៅរ៍ ខណៈឧប្បត្តិហេតុនោះបានកើតឡើង។
ចាប់តាំងពីថ្ងៃសៅរ៍មកតំបន់ភាគកណ្តាល បានទទួលភ្លៀងធ្លាក់ខ្លាំងពី ៧០ ទៅ ១៥០ មីល្លីម៉ែត្រ។ គិតត្រឹមល្ងាចថ្ងៃអាទិត្យភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឱ្យទឹកទន្លេហូរកាត់ផ្លូវចូលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃនៅតំបន់ភាគកណ្តាល។
យោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ឧតុនិយមបានឲ្យដឹងថា ចាប់ពីថ្ងៃច័ន្ទនេះ ខេត្តង៉ែអាន ទៅខេត្ត ធៀធៀនហូ នឹងមានទឹកភ្លៀងធ្លាក់ពី ៥០-១៣០ មីលីម៉ែត្រ និងអាចឡើងដល់ ១៥០ មីលីម៉ែត្រ។
មជ្ឈមណ្ឌលជាតិវៀតណាមក៏បានព្រមាន ដល់តំបន់កណ្តាលអំពីទឹកជំនន់ភ្លាមៗ ការបាក់ដីនៅតំបន់ភ្នំ និងការជន់លិចបន្ថែមទៀតនៅតំបន់ទំនាបនិងទន្លេ៕