
ហ្សាកាតា៖ សិស្សចំនួន ១១ នាក់បានលង់ទឹកស្លាប់ និង ១០ នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះក្នុងអំឡុងពេលចេញពីសាលារៀន ដើម្បីសម្អាតទន្លេនៅខេត្តJavaខាងលិចប្រទេសឥណ្ឌូនេស៊ី។
មន្រ្តីក្នុងតំបន់បាននិយាយថា សិស្សចំនួន ១៥០ នាក់មកពីវិទ្យាល័យអ៊ីស្លាមមួយ បានចូលរួមក្នុងការបោសសម្អាតទន្លេកាលពីថ្ងៃសុក្រ នៅតាមបណ្តោយច្រាំងទន្លេ Cileueur ដោយពេលនោះមានសិស្ស ២១ នាក់បានរអិលធ្លាក់ចូលទឹក។
លោក Deden Ridwansyah ប្រធានការិយាល័យស្រាវជ្រាវនិងជួយសង្គ្រោះទីក្រុង Bandung បាននិយាយថា កុមារដែលលង់ទឹកទាំងនោះ បានដើរកាន់ដៃគ្នា ហើយម្នាក់ក្នុងចំនោមពួកគេបានរអិលធ្លាក់ចូលទៅក្នុងទឹក ធ្វើឲ្យអ្នកផ្សេងបានធ្លាក់ទៅតាម។
ក្រុមជួយសង្គ្រោះបានប្រើប្រាស់ក្បូនពណ៌ទឹកក្រូចធំ ដើម្បីស្វែងរកជនរងគ្រោះ ហើយសិស្សទាំងអស់ត្រូវបានរកឃើញនៅយប់ថ្ងៃសុក្រ ដោយជាក់ស្តែងសិស្សទាំងនោះមិនបានពាក់ពោងទេ។
ប្រជាពលរដ្ឋ និងក្រុមជួយសង្គ្រោះ បានជួយសង្គ្រោះសិស្ស ១០ នាក់ហើយបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ៕