Cctimesw1140xh150cm copy

លោក វុំ វណ្ណេ នឹងចែករំលែកបទពិសោធន៍ដល់យុវជនខ្មែរក្រោយបញ្ចប់ថ្នាក់អនុបណ្ឌិតពីចិន

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក វុំ វណ្ណេ ជានិស្សិតអាហារូបករណ៍ថ្នាក់អនុបណ្ឌិតនៃសាកលវិទ្យាល័យ Beijing University of Technology។

ភ្នំពេញ៖ លោក វុំ វណ្ណេ ជានិស្សិតអាហារូបករណ៍ថ្នាក់អនុបណ្ឌិតសិក្សានៅប្រទេសចិន ផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រ នៃសាកលវិទ្យាល័យ Beijing University of Technology។ បច្ចុប្បន្នលោកកំពុងសិក្សាស្រាវជ្រាវ និងជាបេក្ខភាពអនុបណ្ឌិតដែលសិក្សាជំនាញ Image Processing ក្រោមប្រធានបទស្រាវជ្រាវទាក់ទងនឹងរូបភាពវេជ្ជសាស្រ្ត។ លោក វុំ វណ្ណេ មានបំណងថា នឹងចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់យុវជនខ្មែរ ក្រោយពេលខ្លួនបញ្ចប់ថ្នាក់អនុបណ្ឌិតពីប្រទេសចិន។

ក្នុងកិច្ចសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ លោក វុំ វណ្ណេ បានថ្លែងប្រាប់យ៉ាងដូច្នេះថា «គោលបំណងរបស់ខ្ញុំបន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតពីប្រទេសចិនវិញ គឺមិនមានបំណងបម្រើការឬដាក់ពាក្យរកការងារធ្វើនៅប្រទេសចិនទេ តែចង់យកចំណេះដឹង និងបទពិសោធន៍ ដើម្បីស្វែងរកការងារបន្ថែមជាគ្រូបង្រៀន ដើម្បីចែករំលែកចំណេះដឹងដែលមាន ទៅដល់ប្អូនៗសិស្សានុសិស្សជំនាន់ក្រោយ។»

លោក វណ្ណេ បានជាប់អាហារូករណ៍សិក្សានៅប្រទេសចិនតាមរយៈស្ថាប័នការងារតាំងពីឆ្នាំង២០១៧ ប៉ុន្តែដោយសារបញ្ហាកូវីដទើបលោកបានវិលត្រលប់មកកម្ពុជា និងសិក្សាតាមប្រព័ន្ធអនឡាញអស់រយៈពេលជាង១ឆ្នាំ។ ដោយសារតែលោកជាមន្រ្តីបម្រើការនៅក្នុងស្ថាប័នរដ្ឋស្រាប់ នៅពេលដែលមកកម្ពុជាវិញ លោកអាចធ្វើការផង និងសិក្សាបន្តតាមប្រព័ន្ធអនឡាញផង។ លោកបញ្ជាក់ថា បើតាមលិខិតរបស់ប្រទេសចិន លោកត្រូវបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅឆ្នាំ២០២១នេះ ប៉ុន្តែដោយសារបញ្ហាកូវីដ និងដោយការសិក្សាពីចម្ងាយមានភាពពិបាក ដោយសារត្រូវស្រាវជ្រាវដូច្នេះគម្រោងត្រូវបានពន្យារមួយឆ្នាំទៀតដើម្បីបន្តការសិក្សាស្រាវជ្រាវបន្តទៀត។

បច្ចុប្បន្ននេះដោយសារតែលោក វណ្ណេ ចូលចិត្តចែករំលែកចំណេះដឹងទៅដល់យុវជនទាំងសិស្សវិទ្យាល័យ និងអនុវិទ្យាល័យ លោកក៏បានបើកបង្រៀនភាសាអង់គ្លេសដោយមិនគិតថ្លៃនៅក្នុងមូលដ្ឋានដែលលោករស់នៅ។ លោកបន្តថា ប្រសិនបើលោកបានបញ្ចប់គម្រោងស្រាវជ្រាវរបស់លោក ដែលផ្តោតទៅទាក់ទងនឹង Image Processing ដោយសារតែមុខវិជ្ជានេះនៅក្នុងប្រទេសកម្ពុជាមិនទាន់មានភាពទូលំទូលាយក្នុងការបណ្តុះបណ្តាលផ្នែកនេះ និងទាក់ទងប្រព័ន្ធបច្ចេកទេសទំនើបៗចុងក្រោយនេះគឺមិនសូវមានទេ។ ប្រសិនបើលោកមានពេលទំនេរនៅរៀងរាល់ថ្ងៃសៅរ៍អាទិត្យ លោកចង់បើកការបង្រៀនដល់យុវជនក្មេងៗថ្នាក់វិទ្យាល័យ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ដែលបានសិក្សានៅប្រទេសចិនដល់យុវជនឲ្យយល់ដឹងពីមូលដ្ឋានខ្លះទាក់ទងអំពីប្រព័ន្ធបច្ចេកទេសទំនើបៗក្នុងរយៈពេលចុងក្រោយនេះ។

បន្ថែមនេះ លោក វុំ វណ្ណេ បានថ្លែងថា ចំពោះប្អូនៗដែលកំពុងរៀននៅសាកលវិទ្យាល័យនានា មិនទាន់ចប់សញ្ញាបត្រក្តី មានបំណងចង់សិក្សានៅប្រទេសចិន គឺអាចដាក់ពាក្យយកអាហារូករណ៍តាមរយៈក្រសួងអប់រំដែលបានប្រកាស។ ចំពោះ លោក វណ្ណេ ជាមន្ត្រីបម្រើការនៅក្នុងស្ថាប័នរដ្ឋ អាហារូករណ៍ដែលលោកទទួលបានមិនមែនតាមរយៈក្រសួងអប់រំទេ គឺតាមរយៈការប្រឡងយកអាហារូបករណ៍ក្នុងក្របខណ្ឌការងាររបស់លោក។

ជាចុងក្រោយ លោក វុំ វណ្ណេ បានផ្តាំផ្ញើដល់សិស្សានុសិស្សដែលមានបំណងចង់ដាក់ពាក្យប្រឡងអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន ដើម្បីឲ្យមានភាពងាយស្រួល និងកុំឲ្យពិបាកពេលបានទៅសិក្សានៅចិន គឺសិស្ស ឬនិស្សិតត្រូវដឹងខ្លួនឯងថា តើខ្លួនចេះភាសាចិនខ្លះៗ ឬស្ទាត់ជំនាញឬទេ ប៉ុន្តែបើខ្លួនមិនចេះភាសាចិនទេ លោក វណ្ណេ ណែនាំថា គួរតែជ្រើសរើសជំនាញរបស់ខ្លួនសិក្សាជាភាសាអង់គ្លេសទើបមានភាពងាយស្រួលជាងសិក្សាជាភាសាចិន៕



ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង