
អាមេរិក៖ លោក ស្មីត (Smith) ជាបុរសវ័យចំណាស់អាយុ ៩៤ ឆ្នាំនៅសហរដ្ឋអាមេរិក បានជាប់ពន្ធនាគារនៅថ្ងៃទី ៧ ខែ មិថុនាឆ្នាំ ១៩៥០ ហើយបានជាប់គុកជាង ៧១ ឆ្នាំ តែបច្ចុប្បន្នគាត់នៅមិនទាន់ផុតទោសជាប់គុកឡើយ ហើយគាត់ គឺជាអ្នកដែលជាប់គុកបានយូរជាងគេ។
លោក ស្មីត ត្រូវបានកាត់ទោសប្រហារជីវិត នៅពេលដែលគាត់បានប្លន់ក្លឹបជិះទូកកម្សាន្ត នៅខែកក្កដាឆ្នាំ ១៩៤៩ ពេលនោះ គាត់បានសម្លាប់អ្នកយាមយប់ម្នាក់។ ប៉ុន្តែប៉ុន្មានម៉ោងមុនពេលគាត់ត្រូវបាននឹងប្រហារជីវិត ទោសរបស់គាត់បានកែតម្រូវទៅជាការជាប់ពន្ធនាគារអស់មួយជីវិតវិញ។
គាត់បានប្តឹងឧទ្ធរណ៍ពីរដង ចំពោះការជំនុំជម្រះថ្មីមួយនៅទសវត្សឆ្នាំ ១៩៥០ និង ១៩៦០ ប៉ុន្តែមិនបានសម្រេច។ លោក ស្មីត បានជាប់ពន្ធនាគារជិត ៧០ ឆ្នាំ នៅស្ថាប័នអប់រំកែប្រែ អូសប៊ន(Osborn) ហើយកាលពីឆ្នាំមុនគាត់ត្រូវបានផ្ទេរទៅមណ្ឌលថែទាំមនុស្សចាស់។
នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២១ លោកតា ស្មីត បានមានអាយុ ៩៤ ឆ្នាំ ថ្វីត្បិតតែគាត់មានវ័យចំណាស់ក៏ដោយក៏គាត់ត្រូវតែបន្តអនុវត្តទោសរហូតដល់ស្លាប់៕