ភ្នំពេញ៖ ឧកញ៉ា ឡេង ណាវ៉ត្រា បានបញ្ជាឲ្យអ្នកគ្រប់គ្រងផលិតកម្ម Galaxy លុបចោល Video trailer បទ« are you ok» ចេញពី ទំព័រហ្វេសប៊ុក។ការបញ្ជានេះ ធ្វើឡើងបន្ទាប់ពីមានប្រតិកម្មពីមហាជនយ៉ាងខ្លាំង ចំពោះVideo trailer។លោកបណ្ឌិត ឈត ប៊ុនថង ជាមន្ដ្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជា ថ្លែងថា សិល្បៈគឺជាអាវុធមុខពីរ។
តាមរយៈទំព័រហ្វេសប៊ុកលោក បណ្ឌិត ឈត ប៊ុនថង បានថ្លែងថា នៅលើពិភលោកមានរឿងល្បីៗពីរយ៉ាង (រឿងល្អបំផុត និងរឿងអាក្រក់បំផុត)។សង្គមបច្ចុប្បន្នមានរូបភាពពីរ គឺសង្គមជាក់ស្ដែងនិងសង្គមឌីជីថលឬបណ្ដាញសង្គម។ សង្គមទាំងពីរសុទ្ធតែមានសមាជិកជាច្រើន ឬមានម្ចាស់ជាច្រើន។ ហេតុនេះយើងមិនអាចធ្វើអ្វីមួយចំពោះសង្គមនេះតាមចិត្តយើងចង់ដោយមិនគិតពីល្អ អាក្រក់ ត្រូវឬខុសនោះទេ។ សង្គមនីមួយៗសុទ្ធតែមានច្បាប់ ទាំងច្បាប់់សង្គម ច្បាប់រដ្ឋ និងច្បាប់ដទៃទៀត។
បើតាមលោកបណ្ឌិត បទចម្រងដែលមានចំណងជើងថា «ARE YOU OK» ទាំងពាក្យពេចន៍ ទាំងរូបភាពមួយចំនួន និងអត្ថន័យដែលគេគិតថាអាចបង្កប់ នៅក្នុងនោះ មិនល្អទេ។ សូមកែលម្អឡើងវិញទើបប្រសើរ។
លោកថា សិល្ប:គឺជាអាវុធមុខពីរ ប្រសិនបើសិល្បៈមានបង្កប់នូវគំនិតល្អៗ នោះនឹងមានការគាំទ្រ ប៉ុន្តែបើសិល្បៈពន្យុះឲ្យប្រើហឹង្សា ឬការរួមភេទ នោះជៀសមិនផុតពីមានប្រតិកម្មពីមហាជនយ៉ាងដូច្នេះហើយ៕