Yearendyearend1140x150

អាមេរិកយល់ព្រមផ្ដល់ជំនួយដល់អាហ្វហ្គានីស្ថានតែបដិសេធមិនទទួលស្គាល់ក្រុមតាលីបង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អាមេរិកយល់ព្រមផ្ដល់ជំនួយដល់អាហ្វហ្គានីស្ថានតែបដិសេធមិនទទួលស្គាល់ក្រុមតាលីបង់ ប្រភពរូប៖ ស៊ីនហួរ

អាមេរិក៖ សហរដ្ឋអាមេរិកនិងតាលីបង់អាហ្វហ្គានីស្ថាន បានបញ្ចប់កិច្ចចរចារយៈពេលពីរថ្ងៃនៅថ្ងៃទី ១០ នៅទីក្រុងដូហារដ្ឋធានីកាតា។ យោងតាមក្រុមតាលីបង់កិច្ចពិភាក្សានេះ បានប្រព្រឹត្តទៅដោយរលូន ហើយអាមេរិកបានយល់ព្រមផ្តល់ជំនួយមនុស្សធម៌ដល់អាហ្វហ្គានីស្ថាន ប៉ុន្តែការយល់ព្រមនេះមិនមានន័យថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនទទួលស្គាល់របបតាលីបង់នោះទេ។

សហរដ្ឋអាមេរិកនិងតាលីបង់បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាបន្ទាប់ពីកិច្ចប្រជុំនេះ។ តាលីបង់បាននិយាយថា កិច្ចពិភាក្សាកំពុងដំណើរការទៅដោយរលូន។ ហើយសហរដ្ឋអាមេរិកបានយល់ព្រមផ្តល់ជំនួយមនុស្សធម៌ដល់អាហ្វហ្គានីស្ថាន ប៉ុន្តែនៅតែបដិសេធមិនទទួលស្គាល់ក្រុមតាលីបង់ជារបបស្របច្បាប់នៅអាហ្វហ្គានីស្ថានឡើយ។

អ្នកនាំពាក្យក្រុមតាលីបង់លោក ស៊ូហាអ៊ីល សាហ៊ីន(Suhail Shaheen) បានប្រាប់សារព័ត៌មានAPថា រដ្ឋមន្ត្រីការបរទេសស្តីទីនៃរដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្គានីស្ថាន បានប្រាប់អាមេរិកអំឡុងកិច្ចប្រជុំថា តាលីបង់នឹងព្យាយាមការពារទឹកដីអាហ្វហ្គានីស្ថានពីការប្រើប្រាស់ដោយអង្គការជ្រុលនិយម ដើម្បីបើកការវាយប្រហារប្រឆាំងនឹងសហរដ្ឋអាមេរិក។

នេះគឺជាការទាមទារដ៏សំខាន់មួយរបស់អាមេរិកក្នុងពេលចរចា ហើយអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Price បានចេញសេចក្តីថ្លែងការណ៍ខ្លីមួយនៅថ្ងៃទី ១០ ដោយហៅកិច្ចពិភាក្សានេះថា« ស្មោះត្រង់និងប្រកបដោយវិជ្ជាជីវៈ» ប៉ុន្តែការវិនិច្ឆ័យរបស់អាមេរិកលើពួកតាលីបង់នឹងផ្អែកលើសកម្មភាពជាក់ស្តែងរបស់តាលីបង់ មិនមែនគ្រាន់តែជាសេចក្តីថ្លែងការណ៍នោះទេ។

សេចក្តីថ្លែងការណ៍បាននិយាយទៀតថា គណៈប្រតិភូអាមេរិកបានផ្តោតលើបញ្ហាសន្តិសុខនិងប្រឆាំងភេរវកម្មព្រមទាំងការជម្លៀសប្រជាជនអាមេរិកដោយសុវត្ថិភាព ពលរដ្ឋបរទេសដទៃទៀតនិងដៃគូអាហ្វហ្គានីស្ថានដែលកំពុងធ្វើការជាមួយអាមេរិក ព្រមទាំងបញ្ហាសិទ្ធិមនុស្សរួមទាំងធានាការចូលរួមយ៉ាងសំខាន់របស់ស្ត្រីនៅក្នុងគ្រប់វិស័យនៃជីវិតសង្គមអាហ្វហ្គានីស្ថាន។

ទាក់ទងនឹងជំនួយដល់អាហ្វហ្គានីស្ថានភាគីអាមេរិក បានបញ្ជាក់ថា មិនច្បាស់លាស់ទេដោយគ្រាន់តែនិយាយថា ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាជំនួយមនុស្សធម៌ ប៉ុន្តែមិនបាននិយាយថាតើភាគីទាំងពីរសម្រេចបានកិច្ចព្រមព្រៀងនេះទេ។

សហរដ្ឋអាមេរិកបានដាក់សម្ពាធលើក្រុមតាលីបង់ក្នុងពេលពិភាក្សា ដើម្បីអនុញ្ញាតឱ្យអាមេរិកនិងជនបរទេសដទៃទៀតអាចជម្លៀសខ្លួនចេញពីអាហ្វហ្គានីស្ថានដោយសុវត្ថិភាព។ ក្រុមតាលីបង់បានបញ្ជាក់យ៉ាងសាមញ្ញនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេនឹងជួយពលរដ្ឋបរទេសឱ្យដកខ្លួនចេញតាមគោលការណ៍ជាក់លាក់។

កិច្ចចរចាទីក្រុងដូហា គឺជាកិច្ចចរចាផ្ទាល់លើកដំបូងរវាងភាគីទាំងពីរ ចាប់តាំងពីពួកតាលីបង់បានកាន់កាប់អាហ្វហ្គានីស្ថានកាលពីខែសីហា ហើយកងទ័ពបរទេសដែលដឹកនាំដោយយោធាអាមេរិកបានដកថយភ្លាមៗ។ អាមេរិកបានបញ្ជាក់ថា កិច្ចពិភាក្សានេះមិនមែនមានន័យថា រដ្ឋាភិបាលអាមេរិកត្រៀមខ្លួនទទួលស្គាល់របបតាលីបង់នោះទេ។

តាលីបង់បានសន្យាថា នឹងមិនអនុញ្ញាតឱ្យទឹកដីអាហ្វហ្គានីស្ថានត្រូវបានប្រើជាមូលដ្ឋានសម្រាប់អង្គការជ្រុលនិយម ដើម្បីធ្វើការវាយប្រហារពីខាងក្រៅនោះទេ ប៉ុន្តែពួកគេបាននិយាយថា ពួកគេនឹងមិនសហការជាមួយសហរដ្ឋអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងអង្គការជ្រុលនិយមនៅអាហ្វហ្គានីស្ថានឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង