.png?1633945007)
ភ្នំពេញ៖រាជរដ្ឋាភិបាល គឺឆ្នាំនេះមិនអនុញ្ញាតឱ្យប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកដូចបណ្តាឆ្នាំមុនៗទេ នេះដោយសារតែបញ្ហាកូវីដ-១៩។នេះបើតាមសម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែតុលានេះ សម្ដេច ស ខេង បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល គឺឆ្នាំនេះមិនអនុញ្ញាតឱ្យប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកដូចបណ្តាឆ្នាំមុនៗទេ។ការលុបចោលនេះគឺដើម្បីកាត់បន្ថយការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងដើម្បីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសគឺដើម្បីចូលរួមជាមួយក្រសួងសុខាភិបាល។
ជាការកត់សម្គាល់ នេះមិនមែនជាលើកទី១ដែលព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ត្រូវបានលុបចោល។ កាលពីឆ្នាំទៅមិញពិធីបុណ្យជាតិដ៍ធំមួយនេះក៏ត្រូវបានលុបចោលដែរ សម្រាប់ការប្រណាំងទូក នៅទីក្រុងភ្នំពេញ នៅក្រោមក្តីបារម្ភពីឆ្លងរាលដាលកូវីដ១៩។ ហេតុផលកូវីដ១៩ បានបង្ខំចិត្តឲ្យរដ្ឋាភិបាលសម្រេចលុបចោលពិធីបុណ្យអុំទូកជាថ្មីទៀតនៅឆ្នាំនេះ ។
សម្ដេច ស ខេង បានសង្កត់ធ្ងន់ថា បញ្ហាជំងឺកូវីដ១៩ មិនទាន់ដឹងថានឹងត្រូវបិទបញ្ចប់នៅពេលណានោះទេ ដែលការនេះតម្រូវឱ្យពលរដ្ឋគ្រប់រូបត្រូវចេះសម្របខ្លួនរស់នៅជាមួយស្ថានភាពនេះ តាមវិធានសុខាភិបាល និងការណែនាំរបស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ការចម្លង៕