
ភ្នំពេញ៖ លោកគ្រូ ហេ ជុនសិក អតីតតន្ត្រីករ និងជាជំនិតរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ហើយជាម្ចាស់បទ «សោភីនីមាសស្នេហ៍» បានទទួលមរណភាពហើយ នាម៉ោង ១២:៤៣នាទីថ្ងៃនេះ។ នេះបើតាមការបង្ហោះក្នុងបណ្ដាយសង្គមពីសំណាក់សាច់ញាតិ។
លោកគ្រូ ហេ ជុនសិក មានជន្មាយុ៨២ឆ្នាំ ដោយមានជំងឺប្រចាំកាយ កៀបសរសៃចង្កេះ និងមានវិជ្ជមានកូវីដ១៩ផងនោះ បានអនិច្ចកម្មហើយ បន្ទាប់ពីបានបញ្ជូនមកមណ្ឌលព្យាបាលកូវីដ នៅស្តាតអូឡាំពិក។
បើតាមសាច់ញាតិលោក ហេ ជុនសិក បានឱ្យដឹងទៀតថា លោកលែងទទួលទានអាហារកើត តាំងពីមុនតេស្តឃើញថាមានវិជ្ជមានកូវីដ១៩មកម្ល៉េះ ហើយក្រុមគ្រួសារក៏បានបញ្ជូនលោកមកមន្ទីរពេទ្យ ជោរៃ (ច្បារអំពៅ) តែគេធ្វើរ៉ាប៉ីតតេស្ត ឃើញមានវិជ្ជមានកូវីដ ក៏បានបញ្ជូនមកព្យាបាលនៅស្ដាតអូឡាំពិក។
សូមជម្រាបជូនថា ការបាត់បងលោក ហេ ជុនសិក គឺជាការបាត់បង់ធនធាន ផ្នែកតន្រ្តីករដ៏ជំនាញ និងបុិនប្រសប់របស់ខ្មែរ ដែលលោកមានស្នាដៃជាច្រើនបន្សល់ទុកជាមួយវិស័យចម្រៀងនៅកម្ពុជាជំនាន់លោកតា សុីន ស៊ីសាមុត។