ភ្នំពេញ៖ បន្ទាប់ពីមានការឈប់សម្រាករយៈពេល៣ថ្ងៃ កម្មករកម្មការនីរោងចក្រក្នុងវិស័យកាត់ដេរ បុគ្គលិករដ្ឋ និងឯកជន បានធ្វើតេសរហ័សរកមេរោគកូវីដ-១៩ ជាបណ្ដើរៗហើយមុនចូលបម្រើការងារវិញ។ការតេស្តរហ័សនេះ ធ្វើឡើងតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោយប្រជាពលរដ្ឋវិលចូលបម្រើការងារវិញ បន្ទាប់ចប់ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
កម្មករមួយចំនួនបានធ្វើតេស្តរកកូវីដ-១៩ នៅកន្លែងធ្វើការរាងៗខ្លួន ហើយបានបង្ហោះជារូបភាព និងវីដេអូតាមបណ្តាញសង្គម ដោយសរសេរថា បន្ទាប់ពីបុណ្យភ្ចុំហើយមកធ្វើការវិញធ្វើសំណាក់តែម្ដង ដើម្បីសុវត្ថិភាពទាំងអស់គ្នា និងសារផ្សេងៗទៀត។ចំណែកក្រុមហ៊ុន ស្ថាប័នផ្សេងៗទៀត ក៏បានតេស្តរកកូវីដ-១៩ផងដែរ។
រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ៣ តុលានេះ បានចេញនូវសារាចរ ស្តីពី ការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់អំឡុងពេល និង ក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។ក្នុងសារាចរនោះ រាជរដ្ឋាភិបាល រដ្ឋាភិបាលលើកទឹកចិត្តឱ្យស្ថាប័ន និងឯកជន«តេស្តរហ័ស»លើបុគ្គលិកក្រោយចប់ភ្ជុំបិណ្ឌ។
ការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ នេះ គឺផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងមិនមានការជាក ពិន័យទៅលើម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតឡើយ។ចំណាត់ការនេះ គឺដើម្បីចូលរួមចំណែកប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលទ្រង់ទ្រាយធំ នៃជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស ក៏ដូចជាការរៀនរស់នៅតាមគន្លងប្រក្រតីភាពថ្មី (New Normal) និងការត្រៀមបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ៕