Cctimesw1140xh150cm copy

ការចរចាប្រាក់ឈ្នួល សម្រាប់វិស័យកាត់ដេរ នឹងសម្រេចនៅថ្ងៃនេះ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
រូបភាព៖ CLC 

ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបើកអង្គប្រជុំសម្រេចចុងក្រោយ ជាលក្ខណៈត្រីភាគីជាលើកទី៤ នៅទីស្តីការក្រសួងការងារ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់វិស័យកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា នៅថ្ងៃនេះ។

បើតាមក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានឱ្យដឹងថា សហជីព និងកម្មករនិយោជិត បានស្នើភាគីនិយោជក និងរាជរដ្ឋាភិបាល គិតគូរពីផលលំបាក និងសំណូមពរ របស់កម្មករនិយោជិតផង។

ចំណែកលោកអាត់ ធន់ ប្រធានសហភាពការងារកម្ពុជាបានបញ្ជាក់តាមរយៈកិច្ចសម្ភាសន៍ជាមួយVOD ថា ក្រុមការងារចរចារត្រីភាគីនឹងជួបប្រជុំគ្នាសារជាថ្មី ដើម្បីសម្រេចលើបញ្ហាប្រាក់ឈ្នួលរបស់កម្មករ-កម្មការិនីនៅក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្រាប់ឆ្នាំ២០២២។

លោកបន្ថែមថា ប្រសិនបើការចរចាមិនអាចរកឃើញតួលេខរួមមួយទេ ក្រុមប្រឹក្សាការងារនឹងធ្វើការបោះឆ្នោតយកតួលេខរួមមួយ មុននឹងដាក់ឱ្យរដ្ឋមន្ត្រីក្រសួងការងារសម្រេច។ ហើយ សហជីពធំៗអាចពិចារណាដកខ្លួនចេញពីយន្តការចរចាត្រីភាគីនេះ បើលទ្ធផលអវិជ្ជមាន។

គួររំលឹកថា ក្រោយពីការចរចាគ្នាចំនួន ៣លើក ភាគីទាំង៣ បានសម្រេចយកតួលេខ ដោយភាគីសហជីពស្នើតួលេខ២០៤ដុល្លារ ភាគីនិយោជកស្នើរក្សាតួលេខ១៨៨ដុល្លារ និងភាគីរាជរដ្ឋាភិបាលស្នើរក្សា១៩២ដុល្លារ។ ដូច្នេះ យោងទៅតាមគោលការណ៍ស្រាប់ បើគ្មានការឯកភាពទាំងស្រុងទេ អង្គប្រជុំត្រូវធ្វើការបោះឆ្នោត ដើម្បីសម្រច លទ្ធផលនោះ នៅរសៀលនេះ។

សូមជម្រាបជូនថា រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយដំឡើងប្រាក់ឈ្នួលដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងរៀងរាល់ឆ្នាំ។ រហូតដល់ពេលនេះ ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតនៅកម្ពុជាឆ្នាំ២០២១ មានចំនួន១៩២ដុល្លារ ក្នុងមួយខែ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង