ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឲ្យកម្មករនិយោជិតកុំមានការរារែកក្នុងការមកចាក់វ៉ាក់សាំងដែលរាជរដ្ឋាភិបាលបាននឹងកំពុងផ្តល់ជូនដោយឥតគិតថ្លៃនេះ។ការអំពាវនាវនេះធ្វើឡើងក្នុងពេលអញ្ជើញពិនិត្យដំណើរការនៃយុទ្ធនាការចាក់វ៉ាក់សាំងរបស់អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងថា គុណភាពនៃវ៉ាក់សាំង ដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល បានយកមកចាក់ជូនគឺមានគុណភាពល្អ អាចទទួលយកបាន ហើយអំពាវនាវដល់កម្មករទាំងអស់មានការជឿជាក់លើរាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល។
បើតាមឯកឧត្តមបណ្ឌិត អ៊ិត សំហេង ការស្ម័គ្រចិត្តចាក់វ៉ាក់សាំងជាជម្រើសតែមួយគត់ដែលជួយឲ្យប្រទេសកម្ពុជាអាចជៀសផុតពីជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតដ៏កាចសាហាវនេះបាន។ដូច្នេះការចូលរួមចាក់វ៉ាក់សាំងតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល គឺជាការសម្រេចចិត្តិដ៏ល្អសម្រាប់សង្គមជាតិយើងទាំងមូល។
សូមបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីប្រកាសថានឹងត្រៀមផ្តល់ការចាក់វ៉ាក់សាំងជូនទៅដល់កម្មករ-កម្មការិនីរោងចក្រជាជំហានបន្ទាប់។ការចាក់វ៉ាក់សាំងការពារកូវីដ គឺជាគន្លឹះក្នុងការការពារអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់។ ហើយការចាក់វ៉ាក់សាំងការពារកូវីដ គឺជាផ្លូវតែមួយគត់ ដែលឲ្យពលរដ្ឋទាំងអស់អាចចេញធ្វើការ រកស៊ី និងជួបជុំគ្នាដោយសុវត្ថិភាពជាងមុន។នេះបើយោងតាមរដ្ឋាភិបាល៕