ភ្នំពេញ៖ កម្ពុជាជាប្រទេសមួយដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់ ក្នុងចំណោមប្រទេសផ្សេងទៀតនៅលើពិភពលោក ដែលឈានមុខគេក្នុងការចាក់វ៉ាក់សាំង។ នេះបើយោងតាមគេហទំព័រ FT Vaccine tracker។
បើតាមគេហទំព័រខាងលើនេះ បានប៉ានប្រមាណថាកម្ពុជាឈានដល់ចំណាត់ថ្នាក់ទី៥ ក្នុងការចាក់វ៉ាក់សាំងមួយដូសទៅមនុស្សម្នាក់ ក្នុងនោះឃើញថាប្រទេសអារ៉ាប់រួមឈរលំដាប់លេខ១។
ដោយឡែក កម្ពុជាស្ថិតក្នុងលេខរៀងទី៧ ក្នុងការចាក់វ៉ាក់សាំងមួយដូស ក្នុងចំណោមនុស្ស១០០នាក់ និងឈរលើលេខរៀងទី១៦ សម្រាប់ការចាក់វ៉ាក់សាំងដូសទីពីរ។
សូមជម្រាបជូនថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ មាន ៩៩,២៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៩,៩៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩៦,៤៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។