កំពង់ចាម៖ រដ្ឋបាលខេត្ដកំពង់ចាម នៅថ្ងៃទី៣១ ខែឧសភា នេះ បានឲ្យដឹងថា ក្នុងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ដ បានចុះយកសំណាករកជំងឺកូវីដ-១៩ លើកម្មករ កម្មការិនី និងអ្នកសង្ស័យបានចំនួន ៤,១៥១នាក់ តាមរយៈការតេស្ដរហ័ស (Rapid Test) ហើយទទួលបានលទ្ធផលវិជ្ជមានចំនួន ៤២នាក់ នៅខណៈពេលមានអ្នកជាសះស្បើយពីកូវីដចំនួន ២៧នាក់ផងដែរ ក្នុងខេត្តកំពង់ចាម។
សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ក៏បានបញ្ជាក់ផងដែរថា អ្នកជំងឺថ្មីទាំង ៤២នាក់ខាងលើ រកឃើញវិជ្ជមានកូវីដ បន្ទាប់ទៅយកសំណាករកជំងឺកូវីដ-១៩ ក្នុងចំណោមកម្មករ កម្មការិនី និងអ្នកសង្ស័យបានចំនួន ៤,១៥១នាក់ តាមរយៈការតេស្ដរហ័ស (Rapid Test) នោះរួមមាន ស្រុកកងមាស ០១នាក់, ស្រុកស្រីសន្ធរ ០១នាក់, ស្រុកបាធាយ ០២នាក់, ស្រុកកំពង់សៀម ០៤នាក់, ស្រុកព្រៃឈរ ១០នាក់, ស្រុកជើងព្រៃ ២១នាក់, និងមកពីខេត្តកំពង់ធំ ០៣នាក់។
គួររំលឹកថា បច្ចុប្បន្ន អ្នកជំងឺដែលមានលទ្ធតេស្ដវិជ្ជមានកូវីដ-១៩ ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាលនៅវិទ្យាល័យព្រះសីហនុហើយ។ ដោយឡែក ក្រុមការងារ នៅតែកំពុងស្រាវជ្រាវរកអ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយនឹងអ្នកវិជ្ជមានថ្មីទាំងនោះផងដែរ៕