កំពង់ចាម៖ លោក ទន់ ឆៃអ៊ាង ដែល«ចាក់ថ្មចូលទន្លេមេគង្គ»ប្រុងយកធ្វើជាកម្មសិទ្ធិ ស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានប្តេជ្ញានៅចំពោះមុខអាជ្ញាធរថា ដោយកាយយកថ្មចេញពីទន្លេ ឲ្យអស់យ៉ាងយូរជាង១០ថ្ងៃ។ការប្តេជ្ញាចិត្តនេះ ធ្វើឡើងក្នុងពេលរដ្ឋបាលខេត្តកំពង់ចាមចុះទៅពិនិត្យមើលផ្ទាល់ការងារកាយថ្មចេញពីទន្លេមេគង្គឡើងវិញ ក្រោយអាជ្ញាធរបានទុកពេល៧០ថ្ងៃ។
ក្នុងដំណើរចុះត្រួតពិនិត្យនោះ លោក ទន់ ឆៃអ៊ាង ដែលបានចាក់ថ្មចូលទន្លេមេគង្គ សន្យានៅចំពោះមុខអាជ្ញាធរថា ក្រុមការងាររបស់លោកនឹងខិតខំប្រឹងប្រែងអនុវត្តទៅតាមការណែនាំរបស់រដ្ឋបាលខេត្តកំពង់ចាម ដោយកាយយកថ្មចេញពីទន្លេ ឲ្យអស់យ៉ាងយូរជាង១០ថ្ងៃ។
បើតាម លោក ទន់ ឆៃអ៊ាង ក្រុមការងាររបស់លោក ធ្វើការ២៤ម៉ោងលើ២៤ម៉ោង ដោយបច្ចុប្បន្នកាយបានប្រមាណ១០ភាគយហើយ ដោយប្រើគ្រឿងចក្រអាអិច៦គ្រឿង ប្លុងតុង២ និងរថយន្ត២គ្រឿង សម្រាប់កាយថ្មចេញពីទន្លេឱ្យរួចរាល់ក្នុងរយៈពេលជាង១០ថ្ងៃទៀត។ លោកបានទទួលកំហុសនេះ និង អនុវត្តទៅតាមវិធានការរបស់រដ្ឋបាលខេត្តកំពង់ចាម ដោយយល់ព្រមបញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ និងខិតខំធ្វើការកាយយកថ្មដែលបានចាក់រួចហើយនោះចេញវិញឲ្យអស់ មុនពេលកំណត់៧០ថ្ងៃ។
សូមរំលឹកថា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ អាជ្ញាធរខត្តកំពង់ចាម បានចាត់វិធានការជាបន្ទាន់ករណីលោក ទន់ ឆៃអ៊ាង បានចាក់ថ្មចូលទន្លេមេគង្គប្រុងយកធ្វើជាកម្មសិទ្ធិ ស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយអាជ្ញាធរបានហៅលោក ទន់ ឆៃអ៊ាង មកផ្តិតមេដៃ ឲ្យបញ្ឈប់ជាបន្ទាន់ និងកាយថ្មចេញវិញក្នុងរយៈពេល៧០ថ្ងៃ៕