
ប្រភព៖ REUTERS
ភ្នំពេញ៖ ចំនួនអ្នកឆ្លងកូវីដ១៩ថ្មីនៅក្នុងប្រទេសថៃនៅថ្ងៃនេះ មានការធ្លាក់ចុះមកត្រឹមតែ៩.៩៣០នាក់ ដែលក្នុងនោះប្រជាជនទូទៅមានចំនួន៩.៥៦៨ ក្នុងនោះមាន៣៦២នាក់ជាអ្នកក្នុងពន្ធនាគារ និងមានអ្នកស្លាប់ចំនួន ៩៧នាក់។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកផូស។
បើតាមកាសែតបាងកកផូស បានឱ្យដឹងថា ថ្វីត្បិតតែករណីឆ្លងថ្មីនៅក្នុងប្រទេសថៃធ្លាក់ចុះក្រោម ១០.០០០ ករណី និងការស្លាប់មានចំនួនតិចជាង ១០០ក៏ពិតមែន តែមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ Covid-19 (CCSA) នៅរសៀលថ្ងៃច័ន្ទនេះ បានសម្ដែងអំពីការព្រួយបារម្ភអំពីស្ថានភាពនៅខេត្តភាគខាងត្បូងប្រទេស។
អ្នកនាំពាក្យជំនួយការ CCSA លោកស្រី Apisamai Srirungson បាននិយាយថាមេរោគនេះបានរីករាលដាលពីចង្កោមរោងចក្ររហូតដល់ផ្ទះកម្មករ។
លោកស្រីបាននិយាយថា៖«អ្នកដែលឆ្លងមេរោគនៅក្នុងរោងចក្របានចាប់ផ្តើមយកមេរោគនេះទៅចម្លងបន្តទៅគ្រួសាររបស់ពួកគេ» ។
ចំណែកលោកវេជ្ជបណ្ឌិត Apisamai បានឱ្យដឹងដែរថា ក្រសួងសុខាភិបាលនឹងពន្លឿនការចាក់វ៉ាក់សាំងនៅតំបន់ភាគខាងត្បូងជាពិសេសខេត្តទាំងបួននៅភាគខាងត្បូងដែលមានអត្រាអ្នកចាក់ទាប។
សូមជម្រាបជូនថា មានតែប្រជាជនចំនួន ៣៣% ប៉ុណ្ណោះនៅខេត្ត ណារ៉ាធីវ៉ាត់(Narathiwat)ដែលបានទទួលដូសដំបូង បើប្រៀបធៀបជាមួយខេត្តប៉ាតានី(Pattani )មានតែ៣៥% ប្រជាជននៅខេត្តយ៉ាឡា(Yala )មាន៤៦% និងខេត្តសុងក្លា(Songkhla )មាន៤២%។ ចំណែកតួរលេខនៅទូទាំងប្រទេសចាក់លើកដំបូងបាន ៤៥%។