Yearendyearend1140x150

ពន្លាជាតិកម្ពុជាត្រូវបានបង្ហាញក្នុងមហាព្រឹត្តិការណ៍ពិព័រណ៍ពិភពលោកឌុយបៃ ២០២០ សហភាពអារ៉ាប់រួម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ពន្លាជាតិកម្ពុជា ដែលត្រូវបានបង្ហាញក្នុងមហាព្រឹត្តិការណ៍ពិព័រណ៍ពិភពលោកឌុយបៃ ២០២០ សហភាពអារ៉ាប់រួមបៃ
(រូបភាព៖ ក្រសួងពាណិជកម្ម)

ឌុយបៃ សហភាពអារ៉ាប់រួម៖ ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមសមាជិកការិយាល័យពិព័រណ៍អន្តរជាតិ (BIE) បានចូលរួមក្នុងមហាព្រឹត្តិការណ៍ពិព័រណ៍ពិភពលោកឌុយបៃ ២០២០ សហភាពអារ៉ាប់រួមបៃ ដែលត្រូវបានសម្ពោធជាផ្លូវការនៅយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។ ទន្ទឹមនឹងនេះ ពន្លាជាតិនៃកម្ពុជា ត្រូវបានបង្ហាញនៅលើឆាកអន្តរជាតិនៅក្នុងព្រឹត្តិការណ៍ពិព័រកម្រិតពិភពលោកមួយនេះ ក្នុងគោលបំណងកសាងនូវកេរ្តិ៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ និងទាក់ទាញភ្ញៀវទេសចរណ៍។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ពិព័រណ៍ពិភពលោកឌុយបៃ ២០២០ មានការចូលរួមពីបណ្ដាប្រទេស និងអង្គការអន្តរជាតិធំៗ ចំនួន ១៩២ រួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។ ហើយប្រធានបទនៃពិព័រណ៍នេះ គឺ៖ ភ្ជាប់ចិត្ត បង្កើតអនាគត (Connecting Minds, Creating the Future) និងមានប្រធានបទរងចំនួន ៣ គឺ៖ កាលានុវត្តភាព, វឌ្ឍនភាព និរន្តរភាព។

ក្នុងនោះដែរ កម្ពុជាបានជ្រើសរើសយកប្រធានបទរង “និរន្តរភាព” ជាប្រធានបទរបស់ខ្លួន ហើយនៅក្នុងព្រឹត្តិការណ៍ពិព័រពិភពលោកនេះ កម្ពុជាបានបង្ហាញនូវពន្លាជាតិកម្ពុជា ដែលត្រូវបានរៀបចំរចនាឡើងយ៉ាងប្រណិតតាមរចនាបទខ្មែរ ដែលមានចក្ខុវិស័យច្របាច់បញ្ចូលគ្នានូវភាពល្បីល្បាញផ្នែកវប្បធម៌បុរាណនៅសម័យមុនអង្គរ, សម័យអង្គរ, សម័យលង្វែក ឬសម័យឧត្តុង្គ និងសម័យចតុមុខ ឬសម័យភ្នំពេញ បច្ចុប្បន្ន និងការអភិវឌ្ឍសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ។

គោលដៅចម្បងរបស់កម្ពុជា គឺការរៀបចំតុបតែងពន្លាជាតិកម្ពុជាឲ្យមានភាពទាក់ទាញ ដើម្បីកសាងនូវកេរ្តិ៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ ទាក់ទាញភ្ញៀវទេសចរណ៍ បង្ហាញនូវសក្តានុពលជាក់ស្តែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការផ្សព្វផ្សាយនូវសមិទ្ធផលនានា របស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីធ្វើឲ្យពិភពលោកបានស្គាល់នូវភាពសម្បូរបែបនៃសិល្បៈ វប្បធម៌របស់កម្ពុជា និងភាពស្រស់បំព្រងនៃបរិស្ថានធម្មជាតិ ដែលជាសក្តានុពល នៃការអភិវឌ្ឍសេដ្ឋកិច្ចជានិរន្ត៍។

សូមរំលឹកថា ពិព័រណ៍ពិភពលោក២០២០ឌុយបៃ គឺជាព្រឹត្តិការណ៍កម្រិតពិភពលោកលើកដំបូង ដែលរៀបចំទ្បើងនៅតំបន់មជ្ឈឹមបូព៌ា និងអាហ្រិ្វកខាងជើង (MENA) មានរយៈ ៦ ខែ ដោយគិតចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ស្មើនឹង ១៨២ ថ្ងៃ។ តាមការរំពឹងទុក ពិព័រណ៍នេះនឹងទាក់ទាញភ្ញៀវចូលទស្សនាចំនួន ២៥ លាននាក់ ក្នុងនោះ ៧០% ជាភ្ញៀវមកពីបរទេស។

គួរបញ្ជាក់ថា តាមកាលបរិច្ឆេទរបស់គណៈកម្មការរៀបចំពិព័រណ៍ ពិព័រណ៍ពិភពលោកឌុយបៃ ២០២០ គ្រោងសម្ពោធនៅដើមខែតុលា ឆ្នាំ២០២០ កន្លងទៅ ប៉ុន្តែត្រូវបានពន្យារពេល ១ ឆ្នាំ ដោយសាររងផលប៉ះពាល់នៃជំងឺកូវីដ-១៩៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង