Cctime 6monthsfree desktop
Cc times  web banner kh (2)

អ្នកជំនាញផ្នែក«ចុងភៅកម្ពុជា១៤៣នាក់»ត្រូវបានចុះបញ្ជីអ្នកជំនាញទេសចរណ៍អាស៊ាន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ អ្នកជំនាញផ្នែកចុងភៅកម្ពុជាចំនួន ១៤៣នាក់ ត្រូវបានកត់ត្រាក្នុងសៀវភៅអ្នកជំនាញទេសចរណ៍ (Skills Passport) និងចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកជំនាញទេចរណ៍អាស៊ាន (www.atprs.org)។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍។

ឯកឧត្ដម ទ្រី ឈីវ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិអ្នកជំនាញទេចរណ៍ និងជាប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន បានឱ្យដឹងថា ក្រសួងទេសចរណ៍បានសហការជាមួយផ្នែកឯកជន ក្រុមហ៊ុនថាលាស (Thalias) អង្គការ Assist វិទ្យាស្ថាន William Angliss ក្រោមការគាំទ្ររបស់រដ្ឋាភិបាលអាល្លឺម៉ង់ បានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាល និងប្រគល់វិញ្ញាបនបត្រដល់គ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលជាតិផ្នែកផលិតកម្មម្ហូបអាហារ (ចុងភៅ) នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍។

វគ្គបណ្តុះបណ្តាលេះបានរៀបចំឡើងតាមប្រព័ន្ធ Hybrid និងអនឡាញ។ ដោយឡែក សិក្ខាកាមដែលត្រូវវាយតម្លៃការសិក្សាពីមុន (RPL) គឺបានចូលរួមអនុវត្តជំនាញជាក់ស្តែង រួមមាន ការចម្អិនម្ហូបអាហារខ្មែរ និងបរទេស ក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីមន្រ្តីជំនាញ និងចុងភៅដែលមានបទពិសោធន៍ផងដែរ។

ឯកឧត្ដមរដ្ឋលេខាធិការក៏បានបន្ថែមថា ក្រសួងទេសចរណ៍បានចូលរួមចំណែកយ៉ាងយកចិត្តទុកដាក់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមទប់ស្កាត់ការឆ្លងជម្ងឺកូវីដ ១៩ តាមរយៈការដាក់ចុះអនុវត្តវិធានសុវត្ថិភាពតាមអាជីវកម្មទេសចរណ៍ វិធាននានាសម្រួលដល់អាជីវកម្មទេសចរណ៍ ការបណ្ដុះបណ្ដាល Upskilling / Reskilling ដល់អ្នកជំនាញទេសចរណ៍ ការរៀបចំ និងអនុវត្តផែនទីចង្អុលផ្លូវសម្រាប់ការលើកស្ទួយ និងស្ដារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា។

ឯកឧត្ដម ទ្រី ឈីវ បានបន្តថា សិក្ខាកាមជ័យលាភីដែលទទួលបានវិញ្ញាបនបត្រមានចំនួន ១៤៣នាក់នោះ រួមមាន៖ គ្រូបង្គោលជាតិចំនួន ២៦នាក់ អ្នកវាយតម្លៃបង្គោលជាតិចំនួន ៣៨នាក់ និងសិក្ខាកាមដែលបានឆ្លងកាត់ការវាយតម្លៃការសិក្សាពីមុន (RPL) ចំនួន ៧១នាក់។ សិក្ខាកាមទាំង១៤៣នាក់នេះ បានកត់ត្រាក្នុងសៀវភៅអ្នកជំនាញទេសចរណ៍ (Skills Passport) ព្រមទាំងចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកជំនាញទេចរណ៍អាស៊ាន (www.atprs.org) ដែលអាចធ្វើការបម្លាស់ទីការងារក្នុងបណ្តាប្រទេសជាសមាជិកអាស៊ានបាន៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង