
រុស្ស៊ី៖ មន្រ្តីនៅទីក្រុងមូស្គូបានចេញឱសានវាទ ដោយប្រើពាក្យយ៉ាងម៉ឺងម៉ាត់ ចំពោះក្រុមហ៊ុនមេរបស់ YouTube និង Google ដោយនិយាយថា គេហទំព័រផ្សាយវីដេអូនេះអាចប្រឈមនឹងការរឹតត្បិតបន្ទាប់ពីវា បានដកឆានែលពីរ ដែលដំណើរការដោយសេវាកម្មភាសាអាល្លឺម៉ង់របស់ RT ។
នៅក្នុងសេចក្តីថ្លែងការណ៍ ដែលត្រូវបានចេញផ្សាយនៅព្រឹកថ្ងៃពុធនេះ និយតករប្រព័ន្ធផ្សព្វផ្សាយជាតិរបស់ប្រទេសគឺ Roskomnadzor បាននិយាយថា ខ្លួនទាមទារឱ្យមានការរឹតត្បិតទាំងអស់ពីបណ្តាញយូធ្យូប RT DE និង Der Fehlende Part (DFP) ដែលដំណើរការដោយសារព័ត៌មាន RT ។
យោងតាមអាជ្ញាធរ ការបរាជ័យក្នុងការធ្វើដូច្នេះ នឹងជាការរំលោភលើច្បាប់រុស្ស៊ី ហើយចំពោះសកម្មភាពបែបនេះ ត្រូវបានកំណត់ថាជាការរំលោភសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋាន ហើយអាចប្រឈមនឹងការព្រមានជាផ្លូវការ។
ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ការដកឆានែលទាំងពីរនេះ ជា“សកម្មភាពនៃការឈ្លានពានព័ត៌មានដែលមិនធ្លាប់មានពីមុនមក” និង“ ការបង្ហាញយ៉ាងច្បាស់អំពីការត្រួតពិនិត្យនិងការគាបសង្កត់លើសេរីភាពបញ្ចេញមតិ” ។
ឆានែលទាំងពីរ RT DE និង DFP ត្រូវបានដកចេញនៅព្រឹកថ្ងៃអង្គារ៍ ដោយគ្មានការប្តឹងឧទ្ធរណ៍។ ក្រុមហ៊ុនយូធូបអះអាងថា ឆានែលទាំងពីរនេះបានរំលោភច្បាប់សេវា ដែលបានបដិសេធចំពោះព័ត៌មានមិនពិតខាងវេជ្ជសាស្ត្រនៅក្នុងវីដេអូចំនួន ៤ ។
ក្រសួងការបរទេសបានបន្តនិយាយថា ការដាក់កំហិតបែបនេះ គឺជាមធ្យោបាយតែមួយគត់ ដែលអាចផ្តោតការយកចិត្តទុកដាក់របស់ដៃគូលើការសន្ទនាប្រកបដោយលក្ខណៈស្ថាបនានិងមានអត្ថន័យជុំវិញស្ថានភាពដែលមិនអាចទទួលយកបាននេះ៕