
កូរ៉េខាងជើង៖ យោងតាមរបាយការណ៍ពីទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េនៅថ្ងៃទី ២៩ ខែកញ្ញានេះ បណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិកូរ៉េខាងជើង បានសាកល្បងបាញ់មីស៊ីលល្បឿនលឿនបានដោយជោគជ័យ។
តាមរយៈការបាញ់សាកល្បងលើកដំបូងនេះ អ្នកវិទ្យាសាស្ត្រនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិកូរ៉េខាងជើងបានបញ្ជាក់ពី ប្រសិទ្ធភាពនិងស្ថិរភាពនៃការត្រួតពិនិត្យការហោះហើររបស់មីស៊ីលនៅក្នុងដំណាក់កាលដំណើរការ ដោយលទ្ធផលតេស្តបានបង្ហាញថា សូចនាករបច្ចេកទេសទាំងអស់បានឈានដល់គោលដៅរចនា។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េបានរាយការណ៍ថា គម្រោងស្រាវជ្រាវនិងអភិវឌ្ឍមីស៊ីលនេះ មានសារៈសំខាន់ជាយុទ្ធសាស្ត្រក្នុងការធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យាការពារជាតិដ៏ទំនើបរបស់កូរ៉េខាងជើង។
គួររំលឹកផងដែរថា យោធាកូរ៉េខាងជើងបានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលចល័តតាមផ្លូវដែកនៅថ្ងៃទី ១៥ ខែកញ្ញា ហើយបានបាញ់ចំគោលដៅមួយដែលមានទីតាំងស្ថិតនៅក្នុងទឹកចម្ងាយ ៨០០ គីឡូម៉ែត្រនៅសមុទ្រខាងកើត។ បណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិកូរ៉េខាងជើង ក៏បានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយដែលទើបបង្កើតថ្មីនៅថ្ងៃទី ១១ និង ១២ ខែកញ្ញា ផងដែរ៕