Yearendyearend1140x150

ខេត្តព្រះសីហនុនឹងចាត់វិធានការក្ដៅលើក្រុមហ៊ុនណាដែលប្រើពលករដោយបង្ខំ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នឹងចាត់វិធានការក្ដៅទៅលើ ម្ចាស់អគារ សណ្ឋាគារ និងកាស៊ីណូទាំងអស់ដែលបង្ខិតបង្ខំបុគ្គលិក រំលោភបំពានសិទ្ធការងារ ឬឃុំឃាំមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវ ភេទ ក្រោមរូបភាពរកការងារឱ្យធ្វើក្នុងទម្រង់កេងប្រវ័ញ្ចពលកម្ម។

បើតាមរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថាក្នុងរយៈពេលកន្លងមកសង្កេតឃើញថាការជ្រើសរើស ការគ្រប់គ្រង ការចាត់ចែង ការអនុវត្តកិច្ចសន្យាការងាររវាងនិយោជក និងបុគ្គលិក កម្មករ និយោជិតមួយចំនួន នៅមិនទាន់ស្របតាមនីតិវិធីច្បាប់នៅឡើយ ដែលជាហេតុបណ្តាលឱ្យកើតមានវិវាទការងារ ហើយរដ្ឋបាលខេត្តក៏បាន ទទួលពាក្យបណ្តឹង និងដោះស្រាយវិវាទការងារជាបន្តបន្ទាប់ច្រើនករណីមកហើយ។

ដើម្បីដោះស្រាយ និងកាត់បន្ថយវិវាទការងារប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា រដ្ឋបាលខេត្តព្រះសីហនុ បានដាក់ចេញនូវវិធានការម៉ឺង ម៉ាត់តាមច្បាប់ដូចខាងក្រោម៖

១. ការងារដោយបង្ខំ ឬជាកាតព្វកិច្ច ត្រូវហាមឃាត់ដាច់ខាត (ដោយអនុលោមតាមអនុសញ្ញាលេខ ២៩ ស្តីពី ការងារដោយបង្ខំ ឬដោយកាតព្វកិច្ច អនុម័តនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៣០ ដោយអង្គការការងារអន្តរជាតិ ហើយ ព្រះរាជាណាចក្រកម្ពុជា បានឱ្យសច្ចាប័ននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៦៩ និងស្របតាមមាត្រា១៥ នៃច្បាប់ស្តីពី ការងារ នៃព្រះរាជាណាចក្រកម្ពុជា)។

២. ការជួលមនុស្សឱ្យធ្វើការងារដើម្បីកាត់ជំពាក់ ត្រូវហាមឃាត់ (មាត្រា១៦ នៃច្បាប់ស្តីពីការងារ នៃព្រះ វាជាណាចក្រកម្ពុជា)។

៣. ការកាត់ប្រាក់ឈ្នួលក្នុងគោលបំណងឱ្យអ្នកទទួលរកការឱ្យធ្វើ ទោះបីដោយចំពោះក្តី ឬមិនចំពោះក្តី ឱ្យ ទៅនិយោជក អ្នកតំណាងនិយោជក ឬអន្តរការីណាម្នាក់ ដូចជាភ្នាក់ងារទទួលជ្រើសរើសហត្ថពលករជាដើមត្រូវហាម ឃាត់(មាត្រា១២៦ នៃច្បាប់ស្តីពីការងារ នៃព្រះរាជាណាចក្រកម្ពុជា)។

៤. ជនណាដែលនាំយកជនដទៃចេញដោយមិនស្របច្បាប់ ក្នុងគោលដៅស្វែងរកប្រយោជន៍ ឈ្លានពាន ខាងផ្លូវភេទ ផលិតរូបភាពអាសអាភាស រៀបអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈរបស់ជនរងគ្រោះ សុំកូន ឬទម្រង់ណាមួយនៃ ការកេងប្រវ័ញ្ចផ្សេងទៀតនឹងត្រូវផ្តន្ទាទោសតាមច្បាប់(មាត្រា១០ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើ ធ្វើអាជីវកម្មផ្លូវភេទ នៃព្រះរាជាណាចក្រកម្ពុជា)។

៥. បុគ្គលដែលចាប់ ឬឃុំឃាំង ឬដែលបង្ខាំងបុគ្គលផ្សេងទៀតដោយគ្មានបញ្ជាពីអាជ្ញាធរស្របច្បាប់ ឬក្រៅ ពីករណីដែលច្បាប់អនុញ្ញាតត្រូវផ្តន្ទាទោសតាមច្បាប់(មាត្រា២៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា)។

រដ្ឋបាលខេត្ត បានបញ្ជាក់ថានឹងចាត់វិធានការរដ្ឋបាល និងច្បាប់ចំពោះម្ចាស់អគារ សណ្ឋាគារ និងកាស៊ីណូ ដែលមានការពាក់ព័ន្ធទោះក្នុងរូបភាពដោយប្រយោល ឬដោយផ្ទាល់ក្ដី ទៅលើការបង្ខាំងការបង្ខំឱ្យ មនុស្សធ្វើការ ការជួញដូរតាមរូបភាពទទួលមនុស្សឆ្លងដែនដោយខុសច្បាប់ឱ្យធ្វើការ ដែលមានការចាត់តាំងជាដើម។

ទន្ទឹមនឹងនេះ ក្នុងករណីរកឃើញម្ចាស់អគារសណ្ឋាគារ និងកាស៊ីណូប្រព្រឹត្តបទល្មើសដូចមានចែងខាងលើ រដ្ឋបាលខេត្ត ព្រះសីហនុនឹងចាត់វិធានការផ្លាកទីតាំងអាជីវកម្មជាបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បី ផ្តន្ទាទោសបុគ្គលដែលមានការពាក់ព័ន្ធស្របតាមច្បាប់ជាធរមាន ព្រមទាំងស្នើសុំរាជរដ្ឋាភិបាលដើម្បីលុបអាជ្ញាប័ណ្ណ អាជីវកម្មជាស្ថាពរ។

សូមជម្រាបជូនថា យោងតាមអនុសញ្ញាលេខ២៩ នៃអង្គការការងារអន្តរជាតិ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា សកម្មភាព ដូចបានរៀបរាប់ខាងលើគឺជាអំពើឧក្រិដ្ឋកម្មដែលត្រូវផ្តន្ទាទោស និងមានស្ថានទម្ងន់ទោសធ្ងន់ធ្ងរ ព្រោះជាអំពើប៉ះ ពាល់ដល់មនុស្សជាតិ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង