
ចិន៖ ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei លោកស្រី ម៉េង វ៉ាន់ចូវ បានមកដល់ទីក្រុង Shenzhen ប្រទេសចិន កាលពីយប់ថ្ងៃសៅរិ៍តាមជើងហោះហើរដែលរៀបចំឡើងដោយរដ្ឋាភិបាលចិន បន្ទាប់ពីត្រូវបានឃុំខ្លួននៅក្នុងប្រទេសកាណាដាអស់រយៈពេលជិត ៣ ឆ្នាំ។ថ្លែងទាំងអួសដើមកលោកស្រី ម៉េង វ៉ាន់ចូវ បានអះអាងថា បន្ទាប់ពីជួបទុក្ខលំបាកជាង ១០០០ ថ្ងៃទីបំផុត ខ្ញុំបានត្រលប់មកឱបក្រសោបមាតុភូមិវិញហើយ” ។
លោកស្រី ម៉េង វ៉ាន់ចូវ បានមកដល់ប្រទេសចិន នៅម៉ោងប្រហែល១០យប់ម៉ោងក្នុងតំបន់ ហើយបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Shenzhen ប្រទេសចិន។ក្នុងសម្លៀកបំពាក់ពណ៌ក្រហមគ្រវីដៃស្វាគមន៍ហ្វូងមនុស្សដែលរង់ចាំលោកស្រី បន្ទាប់ពីលោកបានដើរចេញពីកាប៊ីនដើរចុះពីកាំជណ្តើរការទះដៃ និង ការអបអរសាទរបានផ្ទុះឡើងពីហ្វូងមនុស្សដែលលើកបដាដែលសរសេរថា “ សូមស្វាគមន៍មកកាន់គេហដ្ឋានលោកស្រីម៉េង វ៉ាន់ចូវ” ។
ថ្លែងទាំងសម្តីអួលដើមក លោកស្រី ម៉េង វ៉ាន់ចូវ បានអះអាងថា “ បន្ទាប់ពីជួបទុក្ខលំបាកជាង ១០០០ ថ្ងៃទីបំផុត ខ្ញុំបានត្រលប់មកឱបក្រសោបមាតុភូមិវិញហើយ” ។
លោកស្រី បានបន្តទៀតថា“ ក្នុងនាមជាពលរដ្ឋចិនធម្មតាម្នាក់ដែលបានជួបទុក្ខលំបាកពីការជាប់នៅក្រៅប្រទេសអស់រយៈពេលជិត ៣ ឆ្នាំមកហើយនោះ មិនដែលមានពេលណាមួយដែលខ្ញុំមិនមានអារម្មណ៍ខ្វល់ខ្វាយនិងភាពកក់ក្តៅពីមាតុភូមិ និងប្រជាជនឡើយ” ។
លោកស្រីថ្លែងថា "លោកប្រធានាធិបតីស៊ី ជីនពីង ខ្វល់ខ្វាយអំពីសុវត្ថិភាពរបស់ពលរដ្ឋចិនម្នាក់ៗរួមទាំងខ្ញុំផងដែរហើយខ្ញុំបានគិតអំពីបញ្ហានេះ។ ខ្ញុំក៏សូមអរគុណដល់នាយកដ្ឋានពាក់ព័ន្ធទាំងអស់ដែលបានគាំទ្រការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាស និងប្រជាពលរដ្ឋចិន"។
ក្រោយលោកស្រី ម៉េង វ៉ាន់ចូវ ថ្លែងសន្ទរកថាចប់ ក្រុមមនុស្សអ្នកគាំទ្រ បាននាំគ្នាច្រៀងបទចំរៀងស្នេហាជាតិ ហើយ បន្ទាប់មកលោកស្រី ម៉េង វ៉ាន់ចូវ ក៏បានច្រៀងរួមគ្នាជាផងដែរ។
គួរបញ្ជាក់ថា លោកស្រី ម៉េង វ៉ាន់ចូវ ជាប្រធានគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ ជាអនុប្រធានក្រុមប្រឹក្សាភិបាល និងជាកូនស្រីមហាសេដ្ឋីស្ថាបនិកក្រុមហ៊ុន Huawei ផងនោះ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០១៨ នៅពេលដែលលោកស្រីធ្វើដំណើរឆ្លងកាត់ប្រទេសកាណាដា។
លោកស្រីវ៉ាន់ចូវ ត្រូវបានក្រុងវ៉ាស៊ីនតោនចោទថា បានលួចលាក់រំលោភវិធានការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើអ៊ីរ៉ង់ តាមរយៈក្រុមហ៊ុនហុងកុងមួយដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Huawei ឈ្មោះ Skycom ដែលបានលក់ឧបករណ៍ទូរគមនាគមន៍ទៅឲ្យប្រទេសអ៊ីរ៉ង់។ជាការសងសឹក ចិនបានចាប់ខ្លួនជនជាតិកាណាដា២នាក់ ពីបទចារកម្មដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខចិន៕