Cctimesw1140xh150cm copy

កំណាត់ផ្លូវជាតិលេខ៥ពីបាត់ដំបង-សិរីសោភ័ណសម្រេចការសាងសង់១០០%ហើយ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
 កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីបាត់ដំបង ដល់សិរីសោភ័ណ (រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)

បាត់ដំបង៖ កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីបាត់ដំបង ដល់សិរីសោភ័ណ នៃគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) បច្ចុប្បន្ននេះ ការសាងសង់បានសម្រេច ១០០%ហើយ។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២១។

គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ ៥ មានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា(JICA) និងគ្រោងចំណាយថវិកាប្រមាណ ៥០០លានដុល្លារសហរដ្ឋអាមេរិក។

ការស្ថាបនាចែកជាបីផ្នែកធំៗគឺ ផ្នែកខាងជើង ផ្នែកខាងត្បូង និងផ្នែកកណ្តាលដោយក្នុងនោះរួមមាន៖ ការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់ពី២គន្លង ទៅ៤គន្លង ទទឹង២៣ម៉ែត្រ ប្រវែង៣០៤គីឡូម៉ែត្រ ក្រាលជំនួសដោយកៅស៊ូAC និងមានសួរច្បារកណ្តាល និងការសាងសង់ផ្លូវវាងក្រុងចំនួន ៥ខ្សែ ប្រវែង ៦២គីឡូម៉ែត្រ មាន៤គន្លង ទទឹង២៣ម៉ែត្រ និងមានសួរច្បារនៅកណ្តាល ព្រមទាំងមានការពង្រីកស្ពានចាស់ និងសាងសង់ស្ពានថ្មី សរុប៨០កន្លែង។

ដោយឡែក សម្រាប់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីបាត់ដំបង ដល់សិរីសោភ័ណ នៃគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) ដែលត្រូវចុះពិនិត្យប្រគល់-ទទួលនេះ គឺចាប់ផ្តើមសាងសង់ចេញពីខេត្តបាត់ដំបង រហូតដល់ក្រុងសិរីសោភ័ណ មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ និងបច្ចុប្បន្នការសាងសង់បានសម្រេច ១០០%ហើយ។

គម្រោងស្ថាបនាកំណាត់ផ្លូវជាតិលេខ ៥ នេះផងដែរ ត្រូវបានបែងចែកជាពីរកញ្ចប់ការងារ៖ កញ្ចប់ការងារទី១ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន Tekken-Taiyo Joint Venture មានប្រវែង ៤៦,២៧គីឡូម៉ែត្រ (ផ្លូវវាងក្រុងបាត់ដំបងប្រវែង ២៣,៩២គីឡូម៉ែត្រ) និងកញ្ចប់ការងារទី២ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន Daiho-Asanuma Joint Venture មានប្រវែង ៣៨,៤៧គីឡូម៉ែត្រ (ផ្លូវវាងក្រុងសិរីសោភ័ណប្រវែង ៩,៣៤គីឡូម៉ែត្រ) និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KEI-OCG-KCI Joint Venture in association with KCEC & TANCONS និងត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីនេះ ក៏មានដាំលម្អដើមត្របែកព្រៃ និងចំប៉ីនៅចំកណ្ដាលទ្រូងផ្លូវប្រមាណ ៧១១០ ដើម និងដើមក្ងោកនៅអមសងខាងផ្លូវវាងប្រមាណ ៦០០០ ដើម ចាប់ពីបាត់ដំបង រហូតដល់ក្រុងសិរីសោភ័ណ ដើម្បីបង្កើនសោភ័ណភាពបរិស្ថាន និងការពារដល់ព្រំដីចំណីផ្លូវ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង