
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហទំព័ររបស់អគ្គនាយកដ្ឋានការពារអ្នកប្តរើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម ដែលមានគោលដៅផ្សព្វផ្សាយពីតួនាទី ភារកិច្ចសកម្មភាពការងាររបស់អគ្គនាយកដ្ឋាន កិច្ចសហប្រតិបត្តិការ និងផ្តល់នូវព័ត៌មានជូនសាធារណជន។
គេហទំព័រថ្មីនេះមានលក្ខណៈពិសេសមួយចំនួនដូចជា៖ ការដាក់ពាក្យបណ្ដឹងតាមប្រព័ន្ធអនឡាញ (Online Complaint) ក្នងន័យនេះ អ្នកប្រើប្រាស់អាចដាក់ពាក្យបណ្ដឹងតាមរយៈគេហទំព័រនេះ ព្រមទាំងអាចភ្ជាប់នូវឯកសារយោងពាក់ព័ន្ធផ្សេងៗ ដែលមានលក្ខណៈងាយស្រួល និងចំណេញពេលវេលា ក្នុងការស្វែងរកដំណោះស្រាយ និងការទាមទារសំណងនានា។
មួយវិញទៀត គឺការប្រមូលផលិតផលត្រឡប់មកវិញ (Product Recall) ក្នុងន័យនេះ អ្នកប្រើប្រាស់ ធុរជន និងសាធារណជនអាចទទួលព័ត៌មានអំពីផលិតផលទំនិញ ដែលខូចគុណភាពឬមិនមានសុវត្ថិភាព ទាន់ពេលវេលាតាមរយៈគេហទំព័រនេះ និងអាចជៀសផុតពីផលប៉ះពាល់នានាពីការប្រើប្រាស់នូវផលិតផលទាំងនោះ។
ក្រសួងពាណិជ្ជកម្ម នឹងជំរុញឱ្យការធ្វើធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាប្រកបដោយភាពសុចរិត ការប្រកួតប្រជែងដោយស្មើភាព ទប់ស្កាត់និងបង្ក្រាបការក្លែងបន្លំពាណិជ្ជកម្ម ធានាគុណភាពសុវត្ថិភាពនិងអនុលោមភាពលើផលិតផលទំនិញនិងសេវា ការពារសិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់៕