
ភ្នំពេញ៖ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានកំណតយកថ្ងៃទី១៧ មេសា ឆ្នាំ២០២០ ដើម្បីបើកកិច្ចប្រជុំវិសាមញ្ញព្រឹទ្ធសភានីតិកាលទី៤ ដើម្បីពិនិត្យ និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ទៅក្នុងរបៀបវារៈប្រជុំវិសាមញ្ញព្រឹទ្ធសភានីតិកាលទី៤។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា។
គួរបញ្ជាក់ថា រដ្ឋសភាកម្ពុជា នៅថ្ងៃទី១០ មេសា ឆ្នាំ២០២០ បានសម្រេចអនុម័តលើ «សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ដែលរៀបចំដោយរាជរដ្ឋាភិបាល ដើម្បីដឹកនាំប្រទេសជាតិពេលដាក់ឱ្យស្ថិតនៅក្នុងភាពអាសន្ន។ ច្បាប់នេះត្រូវបានសមាជិកសភាទាំងអស់បោះឆ្នោតគាំទ្រក្រោមសំឡេង១១៥ លើ១១៥សំឡេង។
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មានចំនួន៥ជំពូក និងចែកចេញ១២មាត្រា។ បើផ្អែកតាមខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ នឹងដាក់ពិន័យធ្ងន់ធ្ងរដល់ជនណាដែលរារាំងកិច្ចប្រតិបត្តិការពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ដែលនាំឲ្យមានចលាចលជាសាធារណៈ ឬប៉ះពាល់ដល់សន្តិសុខជាតិ ដោយត្រូវប្រឈមជាប់ពន្ធនាគារពី៥ទៅ១០ឆ្នាំ និងពិន័យជាប្រាក់រាប់សិបលានរៀល៕
