ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនារាជធានីភ្នំពេញ ប្រកាសផ្អាកការជួបជុំផ្សេងៗ និងការប្រមូលផ្ដុំថ្វាយបង្គំជាបណ្តោះអាសន្នសិន ចាប់ពីពេលនេះតទៅ រហូតមានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។
ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើឱ្យស្ថាប័នពាក់ព័ន្ធ ពិចារណាផ្អាកប្រារព្ធពិធីកាន់បិណ្ឌ។ការស្នើនេះក្រោយពីក្រសួងសុខាភិបាលរកឃើញករណីឆ្លងកូវីដនៅតាមវត្តអារាមមួយចំនួននៅភ្នំពេញ និងខេត្តខ្លះជាបន្តបន្ទាប់។
បើតាមរយៈសារសំឡេងពិសេសនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការរកឃើញមានវិជ្ជមាននៅតាមទីអារាមមួយចំនួនកន្លងមកនេះ ជាសញ្ញាមិនល្អសម្រាប់ការគ្រប់គ្រងជំងឺកូវីដ១៩ ដែលអាចឈានដល់ការផ្ទុះឡើងជាថ្មីនៃជំងឺកូវីដ១៩ បំផ្លាញដល់កិច្ចប្រឹងប្រែងដែលកម្ពុជាបានខិតខំគ្រប់គ្រង និងធ្វើឱ្យមានស្ថានភាពល្អប្រសើរក្នុងរយៈពេលកន្លងមកនេះ។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃនេះ វត្តអារាមពីរហើយដែលពាក់ព័ន្ធនឹងកូវីដ១៩ ក្នុងនោះមានពាក់ព័ន្ធនឹងលោកអាចារ្យ ព្រះសង្ឈ និងកូនសិស្សលោក ដូចជាវត្តនាគវ័នរកឃើញអ្នកវិជ្ជមាន៣នាក់ ចំណែកវត្តចំពុះក្អែករកឃើញព្រះសង្ឈចំនួន៤៦អង្គវិជ្ជមានកូវីដ១៩៕
