វ៉ាស៊ីនតោន៖ រដ្ឋបាលចំណីអាហារនិងឱសថអាមេរិកនៅថ្ងៃពុធនេះ បានអនុញ្ញាតឱ្យមានការចាក់ថ្នាំវ៉ាក់សាំង Pfizer Inc (PFE.N) និងវ៉ាក់សាំង BioNTech COVID -19 សម្រាប់ដូសទី៣ ដល់អ្នកដែលមានអាយុលើសពី ៦៥ ឆ្នាំ និងមនុស្សដែលមានហានិភ័យខ្ពស់ហើយតែងតែប្រឈមមុខនឹងការឆ្លង។
ការសម្រេចបើកផ្លូវឱ្យមានការចាក់វ៉ាក់សាំងដូសទី៣នេះ នឹងត្រូវធ្វើឡើងឱ្យបានឆាប់រហ័សនៅសប្តាហ៍នេះ សម្រាប់មនុស្សរាប់លាននាក់ដែលបានចាក់វ៉ាក់សាំងលើកទី ២ របស់ពួកគេយ៉ាងហោចណាស់ប្រាំមួយខែមុន។
លោក Janet Woodcock ស្នងការស្តីទីរបស់រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក(FDA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្លាស់ប្តូរការអនុញ្ញាតឱ្យប្រើវ៉ាក់សាំងគ្រាអាសន្ននេះ នឹងអនុញ្ញាតឱ្យមានការជម្រុញដល់ក្រុមដូចជាបុគ្គលិកថែទាំសុខភាព គ្រូបង្រៀន បុគ្គលិកថែទាំ កម្មករ អ្នកលក់គ្រឿងទេស និងអ្នកដែលគ្មានទីជម្រកឬអ្នកជាប់ពន្ធនាគារ។
វ៉ាក់សាំង Pfizer បានស្នើសុំឱ្យរដ្ឋបាលចំណីអាហារនិងឱសថអាមេរិកពង្រីកការអនុម័តវ៉ាក់សាំងរបស់ខ្លួន ដើម្បីចាក់វ៉ាក់សាំងដូសទី៣ដល់មនុស្សទាំងអស់ដែលមានអាយុ ១៦ ឆ្នាំនិងមនុស្សចាស់ ហើយបានបង្ហាញទិន្នន័យកាលពីសប្តាហ៍មុនដល់ក្រុមអ្នកប្រឹក្សាខាងក្រៅរបស់រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក បានបង្ហាញថាភាពស៊ាំរបស់មនុស្សថយចុះតាមពេលវេលា។
មន្រ្តីទីភ្នាក់ងារមួយរូបបាននិយាយនៅក្នុងកិច្ចប្រជុំជាសាធារណៈកាលពីថ្ងៃពុធថា ACIP អាចបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍ស្តីពីការប្រើប្រាស់វ៉ាក់សាំងដូសទី ៣ ។ ហើយ ការអនុញ្ញាតពីរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក គឺជាទូទៅស្របតាមការបោះឆ្នោតក្រុមប្រឹក្សាពិគ្រោះយោបល់។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងមន្រ្តីសុខាភិបាលកំពូលចំនួន ៨ នាក់បានប្រកាសកាលពីខែសីហាថា រដ្ឋាភិបាលមានបំណងដាក់ចេញនូវការចាក់វ៉ាក់សាំងដូសទី៣ សម្រាប់មនុស្សដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅនៅសប្តាហ៍នេះ ដោយរង់ចាំការយល់ព្រមពី FDA និង CDC ។
ខណៈប្រទេសមួយចំនួនរួមទាំងអ៊ីស្រាអែលនិងអង់គ្លេស បានដាក់ចេញនូវយុទ្ធនាការលើកកម្ពស់ការការពារជំងឺកូវីដ ១៩ រួចទៅហើយ។ ទិន្នន័យរបស់ CDC បានបង្ហាញថា សហរដ្ឋអាមេរិកបានអនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំងដូសទី៣បន្ថែម សម្រាប់មនុស្សដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយកាលពីខែមុន ហើយមនុស្សជាង ២ លាននាក់បានទទួលការចាក់លើកទី ៣ រួចទៅហើយ៕