ភ្នំពេញ៖ គណៈប្រតិភូនៃ«វេទិកាយុវអ្នកសារព័ត៌មានកម្ពុជា»នៅថ្ងៃទី ២១ កញ្ញានេះ បានទទួលការអនុញ្ញាតពីឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដើម្បីចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារពាក់ព័ន្ធនឹងវិស័យសារព័ត៌មាន។កិច្ចពិភាក្សារៀបចំឡើងដោយភាពកក់ក្តៅ និងស្និទ្ធស្នាលបំផុត។
ក្នុងកិច្ចពិភាក្សានោះ លោក ពេជ្រ ប៊ុនសាយ តំណាងឱ្យថ្នាក់ដឹកនាំនៃ វេទិកាយុវអ្នកសារព័ត៌មានកម្ពុជា បានជម្រាប ឯកឧត្តម ខៀវ កាញារីទ្ធ អំពីគោលបំណង និង ទស្សនវិស័យនានារបស់វេទិកា និង ស្នើសុំដំបូន្មាន។
បើតាម លោក ពេជ្រ ប៊ុនសាយ វេទិកាយុវអ្នកសារព័ត៌មានកម្ពុជា មានបេសសកម្មបង្កើតទំនាក់ទំនង សាមគ្គីភាព ក្នុងចំណោមយុវជនអ្នកសារព័ត៌មាន,ការពារ និង លើកកម្ពស់សេចក្តីថ្លៃថ្នូរ ក្រមសីលធម៌ វិជ្ជាជីវៈ អ្នកសារព័ត៌មាន, បណ្តុះបណ្តាល និងពង្រឹងគុណភាព សមត្ថភាពយុវជនក្នុងវិស័យសារព័ត៌មាន រួមទាំងគាំទ្រលើកកម្ពស់សេរីភាពសារព័ត៌មាន។
ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានគាំទ្រចំពោះបេសសកម្ម «វេទិកាយុវអ្នកសារព័ត៌មានកម្ពុជា» និង បានផ្តល់នូវដំបូន្មានជាច្រើនដល់គណៈប្រតិភូនៃវេទិកា។សម្រាប់ ឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តមចង់ឃើញអ្នកសារព័ត៌មាននៅកម្ពុជា ចេះស្រឡាញ់គ្នាដោយមិនរើសអើងនិន្នាការ និង ចេះវិវត្តខ្លួនក្លាយជាអ្នកជំនាញលើផ្នែកណាមួយ ដើម្បីជួយអភិវឌ្ឍប្រទេសកម្ពុជា ក្រោមដំបូលនៃសុខសន្តិភាព។
សូមជម្រាបជូនថា វេទិកាយុវអ្នកសារព័ត៌មានកម្ពុជា ជាបណ្តុំយុវជនផ្នែកសារព័ត៌មានដែលអញ្ជើញមកពីស្ថាប័នព័ត៌មានធំៗនានាក្នុងប្រទេសកម្ពុជា បង្កើតឡើងក្នុងគោលបំណងផ្តល់ទស្សនទានសម្រាប់សង្គម ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ការពារ និងលើកកម្ពស់តម្លៃសមាជិក អ្នកសារព័ត៌មាន និង វិជ្ជាជីវៈសារព័ត៌មាន៕