
ភ្នំពេញ៖ ក្រសួងការពារជាតិ បានដាក់ចេញនូវសារាចរណែនាំ ស្ដីពីការប្រមូលពន្ធ និងការប្ដូរចង្កូតពីស្ដាំមកឆ្វេងលើយានជំនិះគ្រប់ប្រភេទដែលកំពុងប្រើប្រាស់ស្លាកលេខកងយោធពលខេមរភូមិន្ទ(ខ.ម) យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។
យោងតាមក្រសួងការពារជាតិបានឱ្យដឹងថា បណ្ដាស្ថាប័នកងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ ត្រូវអនុវត្តឱ្យបានល្អប្រសើរ និងម៉ឺងម៉ាត់ចំពោះវិធានការរាជរដ្ឋាភិបាលស្តីអំពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះ គ្រប់ប្រភេទប្រចាំឆ្នាំ២០២១ ជាលើកចុងក្រោយ។
ក្នុងសេចក្ដីប្រកាសបន្ថែមទៀតថា ចំពោះយានយន្តឯកជនដែលជ្រកក្រោម ស្លាកលេខ កងយោធពលខេមរភូមិន្ទ (ខ.ម) ដើម្បីឱ្យម្ចាស់ចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របច្បាប់ និងបទប្បញ្ញត្តិស្តីពីគយ។
ទន្ទឹមនឹងនេះ ត្រូវអនុវត្តការប្តូរចង្កូតពីស្តាំមកឆ្វេងឱ្យបានទាន់ពេលវេលាកំណត់ យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។
ដោយឡែក សម្រាប់លក្ខខណ្ឌ ដែលអនុញ្ញាតឱ្យប្រើប្រាស់ស្លាកលេខ ខ.ម អាចដំណើរការបានចំពោះយានយន្ត ដែលបំពាក់ស្លាក់លេខរដ្ឋ យានយន្តដែលទទួលបានពីបណ្តាប្រទេសផ្តល់ជំនួយ យានយន្តជាអំណោយពីសប្បុរសជនដែលបានបំពេញកាតព្វកិច្ចពន្ធរួចរាល់ និងយានយន្តកម្មសិទ្ធរបស់រដ្ឋដែលអស់ប្រសិទ្ធភាពប្រើប្រាស់ហើយត្រូវកែរច្នៃរៀបតម្លើងសារជាថ្មី។
ក្នុងនោះ ក៏មានយានយន្តដែលទទួលបានពីការសម្រេចរបស់តុលាការ និងយានយន្តដែលនាយទាហាន ប្រើប្រាស់ធនធានផ្ទាល់ខ្លួនទិញដាក់បញ្ចូលប្រើប្រាស់ ក្នុងក្របខណ្ឌរដ្ឋដោយបានបំពេញកាតព្វពន្ធរួចរាល់។
យ៉ាងណាមិញ ចំពោះយានយន្តឯកជនពាក់ស្លាកលេខ ខ.ម ហើយបានទៅបំពេញកាតព្វកិច្ចពន្ធតាមសេចក្តី ជូនដំណឹងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្រសួងការពារជាតិនឹងរក្សាទុកឱ្យប្រើប្រាស់ជាធម្មតា។ ក្នុងករណីយានយន្តឯកជនពាក់ស្លាកលេខ ខ.ម ហើយមិនបានទៅបំពេញកាតព្វកិច្ចពន្ធតាមសេចក្តី ជូនដំណឹងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្រសួងការពារជាតិនឹងធ្វើការនិរាករណ៍ស្លាកលេខ ដែលបានបំពាក់កន្លងមកដោយស្វ័យប្រវត្តិ។