ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្នើទៅអាស៊ានកុំរើសអើងពូជសាសន៍ និងការប្រកាន់ជំហរស្ដីបន្ទោស ដែលនាំដល់ការបែបបាក់សាមគ្គីភាព ខណៈពិភពលោកទាំងមូលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។នេះបើតាមសុន្ទរកថារបស់សម្ដេច ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេសស្ដីពីកូវីដ១៩ នៅថ្ងៃទី១៤ មេសា ឆ្នាំ ២០២០។
សម្ដេច ហ៊ុន សែន បានថ្លែងថា នៅក្នុងស្មារតីមនុស្សធម៌ និង សាមគ្គីភាពអន្តរជាតិ កម្ពុជាបានអនុញ្ញាតឲ្យនាវាទេសចរណ៍ Westerdam ដែលផ្ទុកអ្នកដំណើរចំនួនជាង ២២០០នាក់ចូលចត នៅថ្ងៃទី ១៣ កុម្ភៈ ឆ្នាំ ២០២០ ពិសេសកម្ពុជា បានព្យាបាលជនបរទេសរួមមាន ឥណ្ដូនេស៊ី ២នាក់ ម៉ាឡេស៊ី ១៣នាក់ ចិន ១នាក់ អង់គ្លេស ៥នាក់ បារាំង៤០នាក់ កាណាដា ១នាក់ ប៊ែលហ្សិក ១នាក់ និងអាមេរិកកាំង ២នាក់ ដោយមិនគិតថ្លៃ។
សម្ដេច ហ៊ុន សែន បន្តថា អាស៊ានត្រូវបន្តពង្រឹងស្មារតីជួយគ្នាទៅវិញទៅមកក្នុងអាស៊ាន ពិសេសចំពោះប្រជាជនអាស៊ានដែលជាប់គាំងដំណើរ ឬរងគ្រោះដោយជំងឺកូវីដ១៩។ កម្ពុជា បានជួយសម្របសម្រួលឲ្យម៉ាឡេស៊ីបញ្ជូនយន្តហោះពិសេសមួយគ្រឿង មកទទួលពលរដ្ឋម៉ាឡេស៊ី ដែលជាប់នៅកម្ពុជាចំនួន១១១នាក់។
ទន្ទឹមនឹងនេះ អាស៊ានត្រូវគិតគូរជាយុទ្ធសាស្ត្រក្នុងការស្ដារ និងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ច បន្ទាប់ពីវិបត្តិកូវីដ១៩ ត្រូវបានបញ្ចប់។ កម្ពុជាយល់ថា អាស៊ានត្រូវពន្លឿនការអនុវត្តផែនការ និងយន្តការនានាដែលមានស្រាប់ ក៏ដូចជាជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ លុបបំបាត់របាំងមិនមែនពន្ធ និង បង្កើនកិច្ចសម្របសម្រួលពាណិជ្ជកម្ម ពិសេសអាស៊ានគួរផ្ដោតលើការលើកកម្ពស់សហគ្រាសមីក្រូ តូច និងមធ្យម និងការបង្កើតធុរកិច្ចថ្មីផ្អែកលើនវានុវត្តន៍បច្ចេកវិទ្យា ការលើកម្ពស់កិច្ចសហការរវាងវិស័យឯកជន និងសាធារណៈ ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថល និង ការអភិវឌ្ឍធនធានមនុស្ស និង ជំនាញវិជ្ជាជីវៈឌីជីថល។
សូមបញ្ជាក់ថា បច្ចុប្បន្នពិភពលោកទាំងមូល កំពុងរងការរងការរាតត្បាតនៃជំងឺកូវីដ ១៩ រួមទាំងកម្ពុជាផងដែរ ដោយគិតត្រឹមថ្ងៃទី១៤ មេសា ឆ្នាំ ២០២០នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ១២២ ករណីហើយ៕