ភ្នំពេញ៖ បន្ទាប់ពីការផ្អាកគ្រឹះស្ថានសិក្សារអស់រយៈពេលជិតពីរឆ្នាំមកនេះ ពេលនេះក្រសួងអប់រំបានប្រកាសឱ្យបើកដំណើរការសាលារៀនឡើងវិញ។ សម្រាប់ចំណាត់ការនេះ ធ្វើឱ្យសិស្សានុសិស្សទី១២ ដែលត្រៀមប្រឡងបាក់ឌុប មានការត្រេកអរឥតឧបមា ចំពោះការអនុញ្ញាតឱ្យពួកគេបានចូលរៀននៅក្នុងថ្នាក់ឡើងវិញ ព្រោះជាឱកាសល្អសម្រាប់សិក្សាឱ្យកាន់តែលម្អិតដើម្បីបំប៉នត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ។ យ៉ាងណាមិញ ឃើញថាសិស្សភាគច្រើននៅតែមានការបារម្ភពីបញ្ហាកូវីដ១៩ ខណៈជំងឺនេះនៅមិនទាន់ថមថយនៅឡើយ តែពួកគេនឹងបង្កើនការការពារឱ្យបានខ្ពស់ជាងមុនផងដែរ។
បើតាមកិច្ចសម្ភាសជាមួយស៊ីស៊ីថាមស៍ យុវសិស្ស សុវណ្ណ ភ័ត្រា ជាសិស្សទី១២ នៃវិទ្យាល័យហ៊ុន សែន សេរីភាព បានឱ្យដឹងថា រូបគេពិតជារំភើបសប្បាយរីករាយណាស់ ដែលរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងក្រសួងពាក់ព័ន្ធនានា បានគិតគូរពីការបើកសាលារៀនឡើងវិញ ដើម្បីជាការសម្រួលដល់សិស្សានុសិស្សទាំងអស់ ពិសេសគឺសិស្សទី១២ ដែលគៀកថ្ងៃប្រឡងបាក់ឌុប។
យុវសិស្សរូបនេះបន្តថា រូបគេប្រាកដជាខកចិត្តបើសាលានៅតែបន្តបិទ ព្រោះថាវាគៀកដល់ថ្ងៃប្រឡង ដូច្នេះសិស្សត្រូវតែទទួលបានការសិក្សាបន្ថែម ឬក៏ដំបូន្មាននានាពីលោកគ្រូអ្នកគ្រូមុនថ្ងៃប្រឡងបាក់ឌុបខាងមុខ ព្រោះការរៀនតាមអនឡាយកន្លងមកនេះហាក់មិនមានប្រសិទ្ធភាពសោះឡើយ។
ចំពោះភ័ត្រា រូបគេបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរៀនឡើងវិញនាថ្ងៃ១៥ កញ្ញាខាងមុខនេះ មិនតែប៉ុណ្ណោះសម្រាប់ការប្រឡងបាក់ឌុបវិញ រូបគេក៏បានត្រៀមផងដែរ តែនឹងប្រឹងបន្ថែមទៀតព្រោះនៅមានភាពខ្វះចន្លោះ។
ទន្ទឹមនឹងការចូលរៀនឡើងវិញ យុវសិស្សរូបនេះក៏នៅតែព្រួយបារម្ភចំពោះបញ្ហាសុខភាព ពិសេសគឺជំងឺកូវីដបំប្លែងថ្មី។ យ៉ាងណាមិញ រូបគេនឹងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងអ្នកជុំវិញ ហើយក៏សង្ឃឹមថាសាលារៀននឹងចាត់វិធានការណ៍ឱ្យបានប្រុងប្រយ័ត្ន និងតឹងតែងផងដែរចំពោះវិធានការការពារនានា។
ចំណែកយុវសិស្ស គួន សំអាត ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យប្រពៃគិរី ខេត្តកំពង់ឆ្នាំង ក៏បានសាទរនឹងការបើកសាលារៀនឡើងវិញផងដែរ ត្បិតថារូបគេកំពុងព្រួយចិត្តចំបោះការប្រឡងខាងមុខ ដោយហេតុថារៀនតាមប្រព័ន្ធអនឡាញកន្លងមក មិនបានដិតដល់ និងស្រាយចម្ងល់មេរៀនអស់នោះទេ។
ទន្ទឹមនឹងការបើកឱ្យចូលរៀនឡើងវិញ សិស្សថ្នាក់ទី១២ រូបនេះ ក៏ព្រួយបារម្ភផងដែរអំពីបញ្ហាកូវីដ ដោយសារតែការបើកសាលាឡើងវិញ ចំនួនអ្នកឆ្លងសព្វថ្ងៃមិនបានអន់ថយនោះឡើយ តែយ៉ាងណាមិញរូបគេនឹងបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីបន្តការសិក្សាឱ្យបានល្អ និងត្រៀមប្រឡងបាក់ឌុបនាថ្ងៃខាងមុខ។
រីឯយុវតី វៃ លក្សី ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យសម្ដេច ហ៊ុន សែន ព្រែកកំពឹស បានឱ្យដឹងថារូបគេបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចូលរៀនឡើងវិញ បន្ទាប់ពីការផ្អាកសាលាជិត២ឆ្នាំមកនេះ។
មិនតែប៉ុណ្ណោះ រូបគេនឹងប្ដេជ្ញារៀនសូត្រឱ្យកាន់តែសកម្ម និងលម្អិតបន្ថែមដើម្បីការប្រឡងបាក់ឌុបនាពេលខាងមុខផងដែរ ដោយហេតុថា រយៈពេលរៀនតាមអនឡាយកន្លងមករូបគេតឹងចិត្តក្នុងការរៀនណាស់ ដោយសារពិបាកទំនាក់ទំនងជាមួយគ្រូ រីឯមេរៀនទៀតសោត ក៏រៀនមិនបានដិតដល់អ្វីប៉ុន្មានដែរ។
យុវតីរូបនេះបន្ថែមថា ត្បិតតែរូបគេសប្បាយចិត្តនឹងការចូលរៀនឡើងវិញ រូបគេក៏មិននៅតែបារម្ភនិងស្ថានភាពកូវីដ ដោយសារតែនៅតែមានអ្នកឆ្លងរាល់ថ្ងៃ តែយ៉ាងណាគេក៏មិនភ្លេចខ្លួនក្នុងការការពារ និងគោរពតាមវិធានការ៣កុំ៣ការពារផងដែរ។
ដោយឡែកយុវសិស្ស អៀង ប៊ុននិត ក៏មិនខុសពីសិស្សានុសិស្សឯទៀតដែរ រូបគេត្រេកអរចំពោះការអនុញ្ញាតឱ្យសិស្សទី១២ ដូចជារូបគេបានចូលរៀនឡើងវិញ ដើម្បីងាយស្រួលក្នុងការរៀនសូត្រជាមួយគ្រូផ្ទាល់នៅសាលា ព្រោះវាងាយស្រួលទំនាក់ទំនង ឬសាកសួរគ្រូផ្ទាល់មាត់តែម្ដង។
ប៊ុននិត បន្ថែមថា សម្រាប់ការចូលរៀនឡើងរូបគេក៏ព្រួយបារម្ភផងដែរពីសុវត្ថិភាព ដោយសារតែកូវីដ១៩ មិនទាន់បាត់អស់នៅឡើយទេ ហើយឳពុកម្ដាយគេក៏បារម្ភពីរឿងនេះដែរដោយសារតែទៅសាលារៀនមិនដឹងថាអ្នកឯទៀតបានការពារដិតដល់ដូចរូបគេឬក៏អត់។
គួររំលឹកថា ទាក់ទងនឹងការបើកសាលារៀនឡើងវិញនេះ រដ្ឋបាលសាលារាជធានីភ្នំពេញ បានអនុញ្ញាតឲ្យសាលារៀនកម្រិតអនុវិទ្យាល័យនិងវិទ្យាល័យចាប់ពីថ្នាក់ទី ៧ ដល់ថ្នាក់ទី ១២ ចូលរៀននៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ២០២១ខាងមុខនេះ ដោយអនុវត្តទៅតាមគោលការណ៍ ណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡានិងក្រសួងសុខាភិបាល។ ដើម្បីការពារការចម្លងជំងឺកូវីដ ពេលបើកដំណើរការសាលាឡើងវិញ ដោយតម្រូវឲ្យដាក់សិស្សក្នុង១ថ្នាក់ ក្រោម១៥នាក់ ប៉ុណ្ណោះ និងរៀនឆ្លាស់គ្នាឬការរៀនតាមបែបចម្រុះ។
សូមជម្រាបជូនថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះសម្តេចតេជោហ៊ុន សែន បានចេញ ប្រកាសឱ្យក្រសួង អប់រំយុវជននិងកីឡា សហការជាមួយអាជ្ញាធរ រាជធានីខេត្ត ដើម្បីពិនិត្យមើលលើការបើកសាលារៀនឡើងវិញ នៅតាមភូមិឃុំ ដែលមិនមានការឆ្លងជំងឺកូវីដ និងកន្លែងដែលឆ្លងតិច ដោយមិនត្រូវរងចាំការបើកសាលារៀនព្រមគ្នានៅទូទាំងប្រទេសនោះឡើយ ប៉ុន្តែត្រូវរក្សាគម្លាតសុវត្ថិភាព និងគោរពតាមវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន៕