Cctime 6monthsfree desktop
Cc times  web banner kh (2)

ខេត្តកំពង់ស្ពឺ៖សាលាចំនួន៤០៣ បើកដំណើរការឡើងវិញនៅព្រឹកថ្ងៃនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កំពង់ស្ពឺ៖ សាលារៀនចំនួន៤០៣ នៅក្នុងខេត្តកំពង់ស្ពឺ បានបើកដំណើរការឡើងវិញនៅព្រឹកថ្ងៃទី១៣កញ្ញានេះ ដើម្បីឲ្យសិស្សានុសិស្សកម្រិតមធ្យមសិក្សា និងកម្រិតបឋមសិក្សាខ្លះបានចូលរៀន។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។

ឯកឧត្តម វ៉ី សំណាង បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ក្នុងចំណោមសាលាសរុបនៅទូទាំងខេត្តកំពង់ស្ពឺ មានសាលារៀនចំនួន៤០៣ បានបើកដំណើរការឡើងវិញនៅព្រឹកថ្ងៃទី១៣កញ្ញានេះ។ ចំពោះវិធានការរក្សាសុវត្ថិភាពរបស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ខាងសាលារៀននិមួយៗបានត្រៀមយ៉ាងយកចិត្តទុកដាក់ នូវការអនុវត្តវិធានការសុខាភិបាល ហើយសិស្សត្រូវរៀបចំជាអាកុល សាប៊ូ ជែល ទៅតាមលទ្ធភាពនៃសាលារៀននិមួយៗ។ ក្នុងមួយថ្នាក់ធ្លាប់មានសិស្ស៣០នាក់ត្រូវ ចែកជា២វេន ក្នុងមួយថ្នាក់ វេនព្រឹក១៥នាក់ និងវេនថ្ងៃ១៥នាក់ សិស្សត្រូវអង្គុយរក្សាគម្លាត ដូច្នេះអាចកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ។

បើតាមឯកឧត្តម វ៉ី សំណាង បានបញ្ជាក់ថា កត្តាដែលនាំឲ្យអាជ្ញាធរខេត្តកំពង់ស្ពឺសម្រេចបើកដំណើរការសាលារៀនឡើងវិញ ព្រោះការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ ជាពិសេសសិស្សានុសិស្សដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ មានកំណើនខ្ពស់។ ជាងនេះទៀត ស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងខេត្តកំពង់ស្ពឺ មានការថយចុះគួរឲ្យកត់សម្គាល់ ដែលជាឳកាសក្នុងការអនុវត្តនូវកិច្ចការសង្គមផ្សេងៗ និងការបើកដំណើរការសាលារៀនសម្រាប់សិស្សានុសិស្ស។

ជាមួយគ្នានេះ ឯកឧត្តម វ៉ី សំណាង បានថ្លែងអំណរអរគុណចំពោះរដ្ឋាភិបាលចិនដែលបានផ្តល់ជំនួយជាវ៉ាក់សាំងជូនដល់កម្ពុជា ជាពិសេស ថ្លែងអំណរអរគុណចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការស្វែងរកវ៉ាក់សាំងចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ  និងកូនៗសិស្សានុសិស្ស ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង