
ឥណ្ឌូនេស៊ី៖ យោងតាមប៉ូលីសឥណ្ឌូនេស៊ីបានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះនៅក្នុងពន្ធនាគារមួយនៅទីក្រុង តាំងហ្គឺរាំង (Tangerang) ជាយក្រុងហ្សាកាតានៅព្រឹកព្រលឹមថ្ងៃទី ៨ ដោយបានសម្លាប់មនុស្ស ៤១ នាក់ និង ៨០ នាក់ផ្សេងទៀតរងរបួស។
ប៉ូលីសទីក្រុងហ្សាកាតាបាននិយាយថា ភ្លើងបានឆាបឆេះនៅម៉ោង ២ និង ២០ នាទីព្រឹកថ្ងៃទី ៨ ហើយប្រើរយៈពេលមួយម៉ោងដើម្បីពន្លត់។ ចំណែកមូលហេតុនៃការឆេះនេះ នៅតែស្ថិតក្រោមការស៊ើបអង្កេតបន្ថែម ហើយការវិនិច្ឆ័យបឋម ត្រូវបានគេសន្មត់ថា អាចពាក់ព័ន្ធនឹងការឆ្លងចរន្តអគ្គីសនី។
អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល ហើយ ៨ នាក់ក្នុងចំណោមពួកគេរបួសធ្ងន់។
អ្នកនាំពាក្យក្រសួងយុត្តិធម៌និងសិទ្ធិមនុស្សឥណ្ឌូនេស៊ីលោក រីកា អាប់រ៉ាន់ទី (Rika Apranti) បាននិយាយនៅថ្ងៃដដែលថា អង្គភាពពន្ធនាគារដែលអគ្គិភ័យបានឆាបឆេះនេះ មានមនុស្សច្រើនកុះករដោយមានអ្នកទោសចំនួន ១២២ នាក់បានឃុំឃាំងនៅទីនេះ ខណៈសមត្ថភាពរចនាជាក់ស្តែងដាក់បានត្រឹមតែ ៤០ នាក់ប៉ុណ្ណោះ៕