
ភ្នំពេញ៖ ក្រសួងកសិកម្មត្រៀមបម្រុងគ្រាប់ពូជស្រូវ និងពូជដំណាំរួមផ្សំ ទុកសម្រាប់ធ្វើអន្តរាគមន៍ជួយសង្គ្រោះប្រជាកសិករដែលរងផលប៉ះពាល់ និងខូចខាតដោយគ្រោះធម្មជាតិ។ បច្ចុប្បន្ន នាយកដ្ឋានដំណាំស្រូវបានត្រៀមគ្រាប់ពូជស្រូវចំនួន ២ ០០០តោន ដោយធ្វើការវេចខ្ចប់ ២៥គ.ក្រ/បាវ សរុបមានចំនួន ៨០ ០០០បាវ និងកំពុងរក្សាទុកនៅក្នុងឃ្លាំងរបស់អគ្គនាយកដ្ឋានកសិកម្ម។
ទន្ទឹមនេះ ក្រសួងកសិកម្មបានត្រៀមគ្រាប់ពូជបន្លែ និងដំណាំរួមផ្សំបានចំនួន ១២មុខ ស្មើនឹង ២៥តោន និងវេចខ្ចប់យ៉ាងត្រឹមត្រូវជាកញ្ចប់តូចៗចំនួន ៥៩៥ ០០០កញ្ចប់ ក្នុងនោះមាន៖ ពោតដំណើប សណ្តែកកួរ ផ្ទីស ស្ពៃខៀវ ស្ពៃចង្កឹះ ននោង ត្រកួន ល្ពៅ ត្រប់វែង ត្រប់ក្រាំងរមាស ត្រឡាច និងប៉េងប៉ោះ ដោយគ្រាប់ពូជទាំងអស់បានរក្សាទុកនៅស្ថានីយផលិតពូជបន្លែក្បាល កោះ (ខេត្តកណ្តាល)។
ជាក់ស្តែង នៅក្នុងឆ្នាំ២០២១ រាជរដ្ឋាភិបាល តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក) បានត្រៀមបម្រុងគ្រាប់ពូជស្រូវស្រាលមិនប្រកាន់រដូវជារូបវ័ន្តចំនួន ២ ០០០តោន និងគ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗទៀតចំនួន ២៥តោន។
ក្រសួងកសិកម្ម ដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការ មានភារកិច្ចចាត់ចែងផលិតគ្រាប់ពូជដំណាំ នៅតាមកសិដ្ឋាន ស្ថានីយកសិកម្ម និងសហការជាមួយក្រុមហ៊ុនឯកជន និងសហគមន៍កសិកម្ម ផងដែរ ដើម្បីធានានូវបរិមាណ និងគុណភាព ថែរក្សា និងចាត់ចែងដឹក ជញ្ជូនគ្រាប់ពូជទៅដល់គោលដៅឲ្យបានទាន់ពេលវេលា៕
