
អាហ្វហ្គានីស្ថាន៖ ប្រភពមួយបាននិយាយនៅថ្ងៃទី ៦ ថា អនុប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក អាំរ៉ូឡា សាឡេ (Amrullah Sale) និងជាមេដឹកនាំសំខាន់នៃ “រណសិរ្សតស៊ូជាតិអាហ្វហ្គានីស្ថាន” នៃសម្ព័ន្ធប្រឆាំងតាលីបង់ បានមកដល់ទីក្រុងឌូសានបេ ដើម្បីទស្សនកិច្ចរយៈពេលខ្លីទៅកាន់ប្រទេសតាជីគីស្ថាន ដើម្បីពិភាក្សាអំពីការផ្តល់វេទិកាសម្រាប់ការចរចា ដែលអាចធ្វើទៅបានជាមួយពួកតាលីបង់។
ប្រភពមួយនៅទីក្រុងកាប៊ុលរដ្ឋធានីអាហ្វហ្គានីស្ថានបាន ប្រាប់ទីភ្នាក់ងារសារព័ត៌មានរណបរុស្ស៊ីថាលោក សាឡេ កំពុងធ្វើទស្សនកិច្ចរយៈពេលខ្លីទៅកាន់ប្រទេសតាជីគីស្ថាន ដើម្បីពិភាក្សាអំពីការផ្តល់វេទិកាសម្រាប់ការចរចា ដែលអាចធ្វើទៅបានជាមួយពួកតាលីបង់។ លោកសាឡេ នឹងវិលត្រឡប់មកអាហ្វហ្គានីស្ថានក្នុងពេលឆាប់ៗនេះ។
បន្ទាប់ពីក្រុមតាលីបង់បានកាន់កាប់ទីក្រុងកាប៊ុលនៅថ្ងៃទី ១៥ ខែសីហា ក្រុមចម្រុះប្រឆាំងតាលីបង់បានបង្កើតរណសិរ្សតស៊ូជាតិអាហ្វហ្គានីស្ថាននៅខេត្ត Panjshir ភាគឦសានអាហ្វហ្គានីស្ថាន ដឹកនាំដោយ Ahmed Masood និងលោក Saleh ។
ក្រុមតាលីបង់បានប្រកាសនៅថ្ងៃទី ៦ ខែកញ្ញានូវការគ្រប់គ្រងពេញលេញលើ“ខេត្តចុងក្រោយ” គឺ Panjshir ។ ខណៈរណសិរ្សតស៊ូជាតិអាហ្វហ្គានីស្ថានបានបដិសេធ ដោយនិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួននៅតែប្រយុទ្ធ។
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍នៅថ្ងៃទី ៦ ថា លោកសាឡេបានចាកចេញពី Panjshir នៅថ្ងៃដដែលហើយបានទៅប្រទេសតាជីគីស្ថាន។លោក Masood បាននិយាយនៅថ្ងៃទី ៥ ថា ប្រសិនបើតាលីបង់ឈប់វាយលុក Panjshir រណសិរ្សតស៊ូជាតិមានឆន្ទៈចរចាជាមួយតាលីបង់ ដើម្បីឈានដល់ដំណោះស្រាយនយោបាយ។
អ្នកនាំពាក្យតាលីបង់បាននិយាយនៅថ្ងៃទី ៦ ថា ពួកតាលីបង់បានព្យាយាមអស់ពីសមត្ថភាព ដើម្បីដោះស្រាយបញ្ហាខេត្ត Panjshir តាមរយៈការចរចា ហើយបានបើកការវាយលុក ដើម្បីដណ្តើមយកតំបន់នោះវិញបន្ទាប់ពីគូប្រជែង“មិនព្រមចរចា” ។ ក្រុមតាលីបង់បានប្រកាសនៅថ្ងៃដដែលថា ពួកគេនឹងបង្កើតរដ្ឋាភិបាលថ្មីនៅអាហ្វហ្កានីស្ថានក្នុងរយៈពេលពីរបីថ្ងៃទៀត៕