ភ្នំពេញ៖ ការគូរគំនូរលើជញ្ជាំងគឺជាសិល្បៈមួយបែបដែលរំលេចភាពច្នៃប្រឌិត និង អត្ថន័យរបស់គំនូរតាមរយៈស្នាដៃច្នៃប្រឌិតរបស់សិល្បៈករសម័យថ្មី។ សិល្បៈដែលគូរនៅលើជញ្ជាំងនៅក្នុងទីក្រុងភ្នំពេញ គឺជាសារដែលបានបង្ហាញសម្រស់ និងវប្បធម៌របស់កម្ពុជា។
លោក យី កក្កដា ជាវិចិត្រករវ័យក្មេងគូរគំនូរលើជញ្ជាំង។លោកមានមោទនភាពដែលផ្ទាំងគំនូរសិល្បៈរបស់លោក ត្រូវបានគូសនៅលើជញ្ជាំង នៅ Factory Phnom Penh ។លោកលើកឡើងថា ការតាំងពិព័រណ៍សិល្បៈ និង ការបង្ហាញសិល្បៈគំនូរលើជញ្ជាំង នៅទីក្រុង គឺដើម្បីបំផុសគំនិតយុវជនកម្ពុជា ឱ្យបញ្ចេញមតិតាមរយៈសិល្បៈ និង ផ្សព្វផ្សាយវប្បធម៌ដ៏ល្អផូរផង់របស់ប្រទេសខ្លួន។
វិចិត្រករវ័យក្មេងរូបនេះ យល់ថា៖«សម្រាប់ខ្ញុំវាគឺជាសិល្បៈថ្មីមួយបែប ដែលសហការជាមួយកម្ពុជាអេរ៉ា គំនូរនេះ គឺចង់បង្ហាញអំពីសិល្បៈខ្មែរដែលបានបន្សល់ទុកនៅតាមចម្លាក់ប្រាសាទ។ ដូច្នេះក្នុងនាមខ្ញុំជាអ្នកគូរ ខ្ញុំចង់ បង្ហាញពីការងារសិល្បៈខ្មែរ និងបញ្ចេញអារម្មណ៍តាមរយៈអ្វីដែលខ្ញុំមើលឃើញ»។
កញ្ញា ស្រីនៀត ជានិស្សិតមកពីសាកលវិទ្យាល័យមួយ លើកឡើងថា នាងមកចូលរួមកម្មវិធីគំនូរលើជញ្ជាំង ដោយសារតែរូបនាងចង់ឃើញសិល្បៈ ដែលគូរដោយសិល្បៈករខ្មែរ។ ម្យ៉ាង ភាគច្រើននៃសិល្បៈខ្មែរគឺបែបសិល្បៈបុរាណ ដូច្នេះជាការល្អដែលសិល្បៈករសម័យថ្មី អាចកែច្នៃសិល្បៈបុរាណ ក្លាយជាការគូរបែច្នៃប្រឌិតដើម្បីទាក់ទាញយុវជនសម័យនេះ៕