
កូឡុំប៊ី៖ប្រធានវិទ្យាស្ថានសុខភាពជាតិកូឡុំប៊ី បានប្រកាសឱ្យដឹងថា ក្នុងចំណោមករណីឆ្លងវីរុសថ្មី ដែលបានរាយការណ៍នៅក្នុងប្រទេសកូឡុំប៊ីចាប់ពីខែមករាដល់ខែមិថុនាឆ្នាំនេះ មាន ៥៣% បានគឺបណ្ដាលមកពីកូវីដ-១៩បំប្លែងថ្មីឈ្មោះ «មុយ»។
អង្គការសុខភាពពិភពលោក បានដាក់ឈ្មោះ វីរុសបំប្លែងថ្មីនេះថា«មុយ» ហើយថ្មីៗនេះបានចុះបញ្ជីវានៅក្នុងប្រភេទកូវីដ១៩បំលែងខ្លួនថ្មី ដែលទាមទារការយកចិត្តទុកដាក់ខ្ពស់ តែកម្រិតនៃផលប៉ះពាល់របស់វាទាបជាងកម្រឹតនៃកូវីដបំលែងថ្មីដែលតា។ ទិន្នន័យបឋមបង្ហាញថា វីរុសកូវីដ១៩បំលែងថ្មី«មុយ» ស្រដៀងទៅនឹងវីរុសបំប្លែងថ្មីដែលតាដែរ តែ«មុយ»អាចធ្វើឱ្យប្រសិទ្ធភាពអង់ទីកររបស់មនុស្សចុះខ្សោយ ។
លោក អូស្ពីណា (Ospina) ប្រធានវិទ្យាស្ថានសុខភាពជាតិកូឡុំប៊ី បានថ្លែងថា ការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសកូវីដ១៩បំប្លែងថ្មីដែល គឺជា“ ការគំរាមកំហែងពិតប្រាកដ” ចំពោះប្រទេសកូឡុំប៊ី។ ហើយនាយកដ្ឋានពាក់ព័ន្ធកំពុងធ្វើការវិភាគករណី ដែលបានបញ្ជាក់ក្នុងប្រទេសនៅខែសីហានេះ ដើម្បីកំណត់ពីសមាមាត្រនៃការឆ្លងដែលតា។
គួរបញ្ជាក់ថា កូឡុំប៊ី គឺជាប្រទេសសេដ្ឋកិច្ចធំទី ៤ នៅអាមេរិកឡាទីន ហើយប្រជាជនរបស់ខ្លួនចំនួន ៥១ លាននាក់ជាប់ចំណាត់ថ្នាក់លេខ ៣ នៅអាមេរិកឡាទីន។ គិតត្រឹមថ្ងៃទី ៥ ប្រទេសកូឡុំប៊ី បានរាយការណ៍ពីករណីឆ្លងសរុបចំនួន ៤.៩១៨.៦៤៩ ករណី និងករណីស្លាប់សរុបចំនួន ១២៥.២៧៨ នាក់។ គិតត្រឹមថ្ងៃទី ៤ ប្រទេសនេះបានបញ្ចប់ការចាក់វ៉ាក់សាំងការពារកូវីដ ១៩ ចំនួនជាង ៣៦.០៩ លានដូស។
ក្រសួងសុខាភិបាលនិងសន្តិសុខសង្គមរបស់ប្រទេសកូឡុំប៊ីថ្មីៗនេះ បានបញ្ជាក់ថាទោះបីជាកម្រិតនៃការឆ្លងថ្មីនៅកូឡុំប៊ីមានកម្រិតទាបក៏ដោយ ក៏ប្រទេសនេះអាចឈានដល់រលកទី ៤ នៃការរីករាលដាលនៃកូវីដ១៩នៅចុងខែតុលា។
ក្រសួងសុខាភិបាលនិងសន្តិសុខសង្គមនៃប្រទេសកូឡុំប៊ី បានអំពាវនាវឱ្យប្រជាជនបន្តគោរពតាមបទបញ្ជានៃការការពារការរីករាលដាលនិងការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩៕