
អាំស្ទែរដាំ៖ប្រជាជនហូឡង់រាប់ម៉ឺនាក់មកពីគ្រប់មជ្ឈដ្ឋាន កាលពីថ្ងៃអាទិត្យ បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវក្នុងទីក្រុងអាំស្ទែរដាំ ដើម្បីតវ៉ាចំពោះការស្នើសុំលិខិតឆ្លងដែនវ៉ាក់សាំងរបស់រដ្ឋាភិបាលហូឡង់។ បាតុកម្មនេះ បានបិទផ្លូវនៅកណ្តាលទីក្រុងចំងាយរាប់សិបគីឡូម៉ែត្រ។
ហ្វូងបាតុករ បានប្រមូលផ្តុំគ្នានៅទីលាន Dam របស់ទីក្រុងអាំស្ទែរដាំ ដោយហែក្បួនជាជួរឆ្លងកាត់ផ្លូវទីក្រុង ហើយត្រលប់ទៅទីលានវិញ ដើម្បីធ្វើការប្រឆាំងនឹងគោលនយោបាយវីរុសកូរ៉ូណារបស់រដ្ឋាភិបាល។
ក្រុមបាតុករបានកាន់បដាដែលសរសេរថា “ ការរើសអើងជាតិសាសន៍វេជ្ជសាស្ត្រ” ហើយត្អូញត្អែរថា លិខិតឆ្លងដែនវ៉ាក់សាំងជាការ “ដាក់ទណ្ឌកម្ម” ទៅលើក្មេងសុខភាពល្អដែលមិនព្រមចាក់វ៉ាក់សាំង។
ការហែក្បួននេះ ត្រូវបានគេមើលឃើញថា គឺផ្តោតលើគោលនយោបាយរបស់រដ្ឋាភិបាលហូឡង់ ក្នុងការបង្ហាញភស្តុតាង នៃការចាក់វ៉ាក់សាំងជាចាំបាច់ ដើម្បីចូលក្នុងភោជនីយដ្ឋាន ហាងកាហ្វេ សារមន្ទីរ និងកន្លែងសាធារណៈផ្សេងទៀត ដូចដែលបានស្នើដោយរដ្ឋមន្រ្តីក្រសួងសុខាភិបាលកាលពីដើមសប្តាហ៍នេះ៕