
អ៉ីស្រាអែល៖ អ៉ីស្រាអែល វាយតម្លៃខ្ពស់ចំពោះនិស្សិតកម្ពុជាដែលបានសិក្សានិងហាត់ការនៅក្នុងកម្មវិធីរៀននិងរក (LEARN&EARN Program) សម្រាប់រយៈពេល១១ខែ នៅប្រទេសអ៉ីស្រាអែល។ អ៉ីស្រាក់់អែលក៏បានស្នើសុំនិស្សិតកម្ពុជាចំនួន ២០០នាក់បន្ថែមទៀត ពីវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប សម្រាប់ឆ្នាំសិក្សា ២០២២។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមើលឃើញពីការខិតខំសិក្សា និងអាកប្បកិរិយាល្អរបស់និស្សិតកន្លងមក មជ្ឈមណ្ឌលហ្វឹកហ្វឺនកសិកម្ម Sedot Negev បានស្នើបង្កើនចំនួននិស្សិតរហូតដល់២០០នាក់សម្រាប់ឆ្នាំ២០២២។ តាមការគ្រោងទុក និស្សិត២០០នាក់នឹងចេញទៅប្រទេសអ៉ីស្រាអែលនៅចុងឆ្នាំ២០២១។
ទន្ទឹមនឹងនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម ឯកឧត្តមក៏បានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះនិស្សិតចំនួន ៧០ នាក់ ដែលបានវិលត្រឡប់មកកម្ពុជាវិញ ក្រោយពីទទួលបានបណ្តុះបណ្តាលនៅប្រទេសអ៉ីស្រាអែលក្នុងរយៈពេលមួយឆ្នាំ ប្រកបដោយជោគជ័យ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៩ មជ្ឈមណ្ឌលហ្វឹកហ្វឺនកសិកម្ម Sedot Negev បានព្រមព្រៀងជាមួយ វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ទទួលយកនិស្សិត៥០នាក់ ដើម្បីចូលរួម កម្មវិធីរៀននិងរក (LEARN&EARN Program) សម្រាប់រយៈពេល១១ខែ នៅប្រទេសអ៉ីស្រាអែល។ កម្មវិធីនេះ និស្សិតត្រូវរៀនជំនាញប្រមាណ៥០០ម៉ោង និងអនុវត្តជាក់ស្តែង នៅតាមបណ្តារក្រុមហ៊ុនផ្សេងៗ ដើម្បីទទួលបានជំនាញតាមរយៈការហាត់ការ និងប្រាក់កម្រៃតាមការព្រមព្រៀង និងក្នុងក្របខណ្ឌច្បាប់របស់ប្រទេសអ៊ីស្រាអែល។ ក្រៅពីការសិក្សានិងហាត់ការជាក់ស្តែង កម្មវិធីនេះ ក៏បានរៀបចំឱ្យសម្រាប់និស្សិត ទៅកំសាន្តនិងសិក្សាស្វែងយល់អំពី តំបន់ផ្សេងៗរបស់ប្រទេសអ៉ីស្រាអែល។
និស្សិតទាំងអស់ បានទទួលធានារ៉ាប់រងសុខភាពក្នុងអំឡុងពេលនៃការស្នាក់នៅក្នុងប្រទេសអ៉ីស្រាអែល។ ដោយឡែកនៅក្នុងបរិបទកូវីដ-១៩ មជ្ឈមណ្ឌល Sedot បានរៀបចំឱ្យមានការចាក់ថ្នាំបង្ការកូវីដ-១៩ សម្រាប់និស្សិតទាំងអស់ ពោលគឺនិស្សិតបានទទួលថ្នាំបង្ការកូវីដ-១៩ ដូចប្រជាជនអ៉ីស្រាអែលដែរ។
ក្នុងពេលដែលមានការបាញ់ប្រហារគ្នារវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន និស្សិតទាំងអស់ទទួលបានការណែនាំអំពីរបៀបការពារខ្លួន ដោយមិនមាននិស្សិតណាម្នាក់ទទួលរងគ្រោះដល់អាយុជីវិតឡើយ។ ដោយសារការលំបាកក្នុងការធ្វើដំណើរដែលបណ្តាលមកពីកូវីដ-១៩ បាននាំឱ្យមានការពន្យាពេលនៃការត្រលប់មកកម្ពុជាវិញ៕