អ៊ីស្រាអែល៖ យោធាស៊ីរីបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី ៣ ថា អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសទៅលើតំបន់ជុំវិញនៃរដ្ឋធានីដាម៉ាសរបស់ស៊ីរី នៅព្រឹកព្រលឹមនៃថ្ងៃតែមួយ ប៉ុន្តែមិនមានអ្នកស្លាប់និងរបួសទេ។
សេចក្តីថ្លែងការណ៍បាននិយាយថា នៅវេលាម៉ោង ១ និង ២៦ នាទី ម៉ោងក្នុងស្រុក អ៊ីស្រាអែលបានបើកការវាយប្រហារដោយមីស៊ីលទៅលើផ្នែកខ្លះនៅជុំវិញទីក្រុងដាម៉ាស់។ ប្រព័ន្ធការពារដែនអាកាសស៊ីរីបានស្ទាក់ចាប់មីស៊ីលដែលចូលមក។ ទោះជាយ៉ាងណាសេចក្តីថ្លែងការណ៍ មិនបានពិពណ៌នាលម្អិតអំពីទីតាំងដែលត្រូវវាយប្រហារនោះទេ។
យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ បានឲ្យដឹងថា នៅពេលវាយប្រហារនោះ ពួកគេអាចុមើលឃើញប្រព័ន្ធការពារអាកាសរបស់ស៊ីរីកំពុងចាប់មីស៊ីលនៅលើមេឃ ក្នុងទីក្រុងដាម៉ាស់ បន្ទាប់ពីប្រព័ន្ធទាំងបានជួបគ្នា ធ្វើឲ្យមានការផ្ទុះដ៏ធំមួយបានបន្លឺឡើង។
យោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានឲ្យដឹងថា ការវាយប្រហារនេះសំដៅទៅលើទីតាំងយោធាមួយនៅទីក្រុងដាម៉ាស។
នៅថ្ងៃទី ១៩ ខែសីហាយោធាស៊ីរីបានអះអាងថា មីស៊ីលរបស់អ៊ីស្រាអែលបានវាយប្រហាររដ្ឋធានី ដាម៉ាសរបស់ស៊ីរីនៅយប់នោះ និងតំបន់ជុំវិញទីក្រុងហូម (Homs) ដែលជារដ្ឋធានីនៃខេត្តហូមភាគកណ្តាល។
បន្ទាប់ពីសង្គ្រាមស៊ីវិលនៅស៊ីរីផ្ទុះឡើង កងទ័ពអ៊ីស្រាអែលបានវាយប្រហារគោលដៅជាច្រើនដងនៅក្នុងប្រទេសស៊ីរី ដោយសំអាងថា បានវាយប្រហារទៅលើទីតាំងយោធាអ៊ីរ៉ង់។ តែទាំងរដ្ឋាភិបាលស៊ីរីនិងអ៊ីរ៉ង់បដិសេធថា អ៊ីរ៉ង់មិនមានកងទ័ពឈរជើងនៅស៊ីរីទេ៕