ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី០២កញ្ញានេះ បានប្រកាសអនុញ្ញាតដាក់ ឲ្យដំណើរការសាកល្បងទីតាំងសណ្ឋាគារមួយចំនួនក្នុងរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ជាកន្លែងផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល។ ដោយឡែក សេចក្តីជូនព័ត៌មាននូវឈ្មោះសណ្ឋាគារ ដែលនឹងដាក់ឲ្យដំណើរការសាកល្បងនេះ នឹងត្រូវចេញផ្សាយដោយរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តសៀមរាប។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង ខេត្តសៀមរាប ជម្រាបជូនដល់ម្ចាស់សណ្ឋាគារដែលមានបំណងរៀបចំជាកន្លែងផ្តល់សេវាថែទាំ និងព្យាបាល អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ទំនាក់ទំនងមកក្រសួងសុខាភិបាល តាមរយៈអនុគណៈកម្មការបច្ចេកទេស និងព្យាបាល ដែលមានលេខទូរសព្ទ និងតេឡេក្រាមលេខ៖ ០១២ ៦៩៥ ៥៣៥ និង ០១១ ៥៥៥ ៥៦៦ ដើម្បីទទួលបាននូវការណែនាំអំពីរបៀបនៃការដាក់ពាក្យស្នើសុំការអនុញ្ញាតនេះ៕