
អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) នៅថ្ងៃទី ៣១ សីហា បានប្រកាសថា ការបញ្ចប់សង្គ្រាមនៅអាហ្វហ្គានីស្ថាន គឺជាការសម្រេចចិត្តត្រឹមត្រូវ តែសហរដ្ឋអាមេរិកនឹងនៅតែបន្តប្រតិបត្តិការប្រឆាំងនឹងភេរវកម្ម។
ថ្លែងក្នុងនៅឯសេតវិមានលោកប្រធានាធិបតីអាមេរិកចូ បៃដិន ការពារយ៉ាងខ្លាំងក្លានូវជំហររបស់លោកក្នុងការបញ្ចប់សង្គ្រាមរយៈពេល២ទសវត្សរ៍របស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ សង្គ្រាមនេះចាប់ផ្តើមនៅឆ្នាំ២០០១ដោយបណ្តេញពួកតាលីបានចេញពីអំណាច និងបញ្ចប់វិញដោយពួកគេបានចូលមកកាន់អំណាចជាថ្មីនៅឆ្នាំ២០២១។
បើតាមលោក ចូ បៃដិន សង្គ្រាមដែលទាហានអាមេរិកាំងត្រូវកាន់អាវុធប្រយុទ្ធនិងចំណាយថវិកាចំនួន៣០០លានដុល្លារក្នុងមួយថ្ងៃដោយគ្មានគោលបំណងច្បាស់លាស់។ លោកថាសង្គ្រាមនេះគួរតែចប់យូរហើយដូច្នេះលោកមិនបញ្ជូនកូនចៅអាមេរិកាំងទៅប្រយុទ្ធបន្តទៀតទេ។
គួរបញ្ជាក់ថា ជើងហោះហើរចុងក្រោយរបស់អាមេរិក ដែលដឹកដោយយន្តហោះដឹកជញ្ជូន C-17 បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិកាប៊ុលនៅវេលាម៉ោង ១៥ និង ២៩ នាទី ត្រូវនឹងម៉ោង ២៣ ៖ ៥៩ នាទី នៅថ្ងៃទី ៣០ នៅអាហ្វហ្គានីស្ថាន មុនថ្ងៃកំណត់របស់លោកបៃដិន៕