ភ្នំពេញ៖ សាលារៀននឹងត្រូវបើកដំណើរការឡើងវិញនៅតាមតំបន់ដែលមានជំងឺឆ្លងតិចតួច ឬគ្មានសោះ ពិសេសគឺសាលារៀននៅតាមតំបន់ទីជនបទដែលមិនមានអ៊ីនធើណេត។ សាលារៀនទាំងបឋមសិក្សា និង មធ្យមសិក្សាដែលត្រូវបើកដំណើរការឡើងវិញ ដោយនៅតែប្រកាន់ភ្ជាប់នូវវិធានការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺបើកនៅតាមភូមិឃុំដែលមិនមានជំងឺឆ្លងតែប៉ុណ្ណោះ។ ចំពោះទីប្រជុំជនដែលមានអត្រាឆ្លងទាប អាចរៀនទៅតាមស្ថានភាពគួបផ្សំរវាងការរៀនដោយផ្ទាល់ដោយរក្សានូវគម្លាតសុវត្ថិភាព និងការរៀនតាមបែបចម្រុះ ហើយតំបន់ដែលមានការឆ្លងច្រើនត្រូវបន្តនូវការរៀនអនឡាញដដែល។ នេះបើតាមសម្តេច ហ៊ុន សែន បានថ្លែងក្នុងសារពិសេសនាព្រឹកថ្ងៃទី៣១សីហានេះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា កន្លងទៅសម្តេចបានផ្តល់មតិខ្លះៗជូនទៅឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំពាក់ព័ន្ធបញ្ហាការបើកសាលារៀនឡើងវិញ ហើយកន្លងទៅរដ្ឋាភិបាលបានបិទសាលារៀនសំដៅការពារចំពោះគ្រូបង្រៀន កុមារាកុមារីសិស្សានុសិស្សនៅក្នុងក្របខណ្ឌទូទាំងប្រទេស។ ប៉ុន្តែអាស្រ័យដោយពិនិត្យឃើញថា នៅក្នុងទូទាំងប្រទេសកម្ពុជា ជំងឺកូវីដបានឆ្លងដោយដាច់ដោយដុំ ហើយប្រមូលផ្តុំនៅតាមទីប្រជុំជន ឯទីជនបទហាក់ដូចជាបានកើតឡើងតិចតួចណាស់ ខេត្តខ្លះស្ទើរតែពុំមានទៀតផង។
បន្ថែមនេះ សម្តេចបានបញ្ជាក់ថា រដ្ឋាភិបាលកំពុងចាក់វ៉ាក់សាំងឲ្យកុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ-១៨ឆ្នាំ ហើយស្ថានភាពចាក់វ៉ាក់សាំងមកដល់ពេលនេះក្នុងចំណោមកុមារនិងយុវ័យដែលមានអាយុចាប់ពី១២ឆ្នាំ-១៥ឆ្នាំ បានចាក់វ៉ាក់សាំងជាង១លាន៥សែននាក់រួចមកហើយក្នុងកុមារសរុបជាង២លាននាក់។ សម្តេចបន្តថា ដោយសង្គេតឃើញថានៅតាមសាលាជនបទដែលពុំមានការឆ្លង រដ្ឋាភិបាលមានលទ្ធភាពបើកនូវសាលារៀននោះដោយមិនរង់ចាំដល់បើកសាលាទូទាំងប្រទេសនោះទេ ត្រូវជ្រើសរើសនៅតាមភូមិ ឃុំ ស្រុក ដែលពុំនូវការកើតនូវជំងឺឆ្លងនេះ ហើយកុមារាកុមារីបានចូលសិក្សាដោយរក្សានូវគម្លាតសុវត្ថិភាព រក្សានូវវិធានការក្រសួងសុខាភិបាលចាំបាច់នានា ដើម្បីឲ្យកុមារាកុមារីបានចូលរៀន។
ជាថ្មីម្តងទៀត សម្តេចបានលើកឡើងថា រដ្ឋាភិបាលកំពុងស្ថិតនៅស្ថានភាពដ៏លំបាក ប្រសិនបើនៅតែបន្តបិទសាលាតទៅទៀត ដោយមិនបានពិនិត្យ និងញែកកន្លែងដែលឆ្លង និងកន្លែងដែលមិនឆ្លង អាចធ្វើឲ្យសិស្សបោះបង់ចោលនូវសាលារៀន ឬអាចឈនដល់សិស្សភ្លេចអក្សរ។ ម្យ៉ាងទៀតក្រសួងអប់រំបានបង្កើតការរៀនពីចម្ងាយដែលហៅថាការរៀនតាមអនឡាញនោះ ប៉ុន្តែទីជនបទ និងកុមារក្រីក្រពុំមានលទ្ធភាពនិងពុំមានអ៊ីនធើណេតនៅតាមសាលារៀននោះទេ។ ដូច្នេះទើបសម្តេចស្នើឲ្យឯកឧត្តមរដ្ឋមន្ត្រីអប់រំ ពិភាក្សាជាមួយឯកឧត្តមលោកជំទាវអភិបាលរាជធានី-ខេត្តត្រួតពិនិត្យ ដើម្បីជ្រើសសរើសសាលាដែលត្រូវបើកទាំងថ្នាក់បឋមសិក្សា និងមធ្យមសិក្សាកម្រិត១និងកម្រិត២នៅតាមជនបទដែលពុំមានការឆ្លង ដែលត្រូវអនុវត្តនូវវិធានការក្រសួងសុខាភិបាលចាំបាច់នានា៕